ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​ នៅរសៀល​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ការបង់សំណងរដ្ឋប្បវេណី មិនមែនមានន័យថារលត់បណ្តឹងព្រហ្មទណ្ឌនោះទេ!
ក្រសួង​យុត្តិធម៌​ បានឱ្យដឹងទៀតថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាបទល្មើសមួយ ប៉ុន្តែការរត់គេចវេស គឺជាបទល្មើសមួយទៀត! បើទោះបីជាភាគីបានព្រមព្រៀងគ្នាសងសំណងក៏ពិតមែន ប៉ុន្តែបណ្តឹងព្រហ្មទណ្ឌ នៅតែមានដំណើរការដោយតំណាងអយ្យការ។ យោងតាមច្បាប់ អយ្យការជាម្ចាស់នៃបណ្តឹងអាជ្ញា (បណ្តឹងព្រហ្មទណ្ឌ)។
ករណីដែលបណ្តឹងព្រហ្មទណ្ឌ មិនត្រូវបានចាត់ការបន្តដោយតំណាងអយ្យការ (តម្កល់ទុកឥតចាត់ការបន្តទៀត) នៅពេលដែលតំណាងអយ្យការ យល់ឃើញថា កាលៈទេសៈនៃការប្រព្រឹត្តបទល្មើសនោះមិនបានបង្កព្យសនកម្ម (ការខូចខាត) ធ្ងន់ធ្ងរ និងគ្មានភាពវឹកវរដល់សង្គមឡើយ ហេតុនេះ តំណាងអយ្យការ នឹងតម្កល់រឿងនោះ លែងចាត់ការបន្តទៀត។ ប៉ុន្តែចំពោះករណីសំណុំរឿងនេះ តំណាងអយ្យការបានកោះហៅអ្នកបើកបរ (ឈ្មោះ ឆោម វុត្ថា) ឱ្យចូលបំភ្លឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមដីកាកោះ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែ ឈ្មោះ ឆោម វុត្ថា ពុំបានចូលបំភ្លឺទេ ។ ក្រោយមក តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ ឆោម វុត្ថា ភេទប្រុស អាយុ៣២ ឆ្នាំ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ៨១ អ.ក/២០២៤ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។
មួយវិញទៀត ចំពោះរថយន្ត យោងតាមផ្លូវច្បាប់ គឺជាឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស ដូច្នេះ ខណៈដែលបទល្មើសព្រហ្មទណ្ឌនៅមានចលនានៅឡើយ ឧបករណ៍មធ្យាបាយក្នុងការប្រព្រឹត្តបទល្មើស (វត្ថុតាង) មិនត្រូវប្រគល់ជូនម្ចាស់ដើមជាដាច់ខាត ព្រោះអាចធ្វើឱ្យមានការបាត់តម្រុយនៃភស្តុតាង។
បច្ចុប្បន្ន សំណុំរឿងនេះ ស្ថិតក្នុងចំណាត់ការចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាប និងសូមរងចាំចំណាត់ការបន្តពីតុលាការ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *