ខេត្តព្រះសីហនុ ៖ ឆ្នេរសមុទ្រកម្ពុជាប្រៀបដូចជាឋានសួគា៍ដួងចិត្ត ឆក់បេះដូងភ្ញៀវជាតិ អន្តរជាតិ ! ពេលនេះ ! តំណាងបវរកញ្ញាចំនួន ៥០ ប្រទេស បានបង្ហាញការចាប់អារម្មណ៍ចំពោះដំណើរការអភិវឌ្ឍរីកចម្រើន ជាពិសេសចាប់អារម្មណ៍ចំពោះភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ដោយមានទាំងប្រាង្គប្រាសាទ និងសម្បត្តិធម្មជាតិ ដូចជាដីកោះដែលមានឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត។ ពិតជាឆក់បេះដូងពួកគាត់ និងនាំយកព័ត៌មានដ៏ល្អនេះប្រាប់ដល់ពិភពលោកថា ៖ កម្ពុជា សន្តិភាព អភិវឌ្ឍន៍ ពោរពេញដោយតំបន់ទេសចរណ៍ ។
ជាមួយគ្នានោះ តំណាងបវរកញ្ញា Universal Women ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ជាពិសេសប្រជាជនកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះពួកគាត់។
ការបង្ហាញចំណាប់អាម្មរណ៍បែបនេះ តំណាងបវរកញ្ញា បានធ្វើឡើងក្នុងឱកាស ទៅទស្សនានៅឆ្នេរខ្សាច់ និងសណ្ឋាគាររ៉ូយ៉ាល់សេនក្រុងកោះរ៉ុង របស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
ក្រុមបវរកញ្ញាទាំងអស់ មានការសប្បាយរីករាយដោយឃើញអំពីការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ជាពិសេសមានដីកោះដែលមានឆ្នេរខ្សាច់ មានសណ្ឋាគារលំដាប់អន្តរជាតិ មានធនធានធម្មជាតិល្អស្អាត ដែលជាការទាក់ទាញការចាប់អារម្មណ៍ ក្នុងការផ្សព្វផ្សាយអំពីសក្កានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ដីកោះ។
សូមជម្រាបថា ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះនាវេលាយប់ថ្ងៃទី១៧ មីនា ។ នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា។
លោក គួច ចំរើន អភិបាល នៃគណះអភិបាលខេត្តព្រះសីហនុ បានបង្ហោះសារយ៉ាងខ្លីថា ៖ «បវរកញ្ញាពិភពលោក​ ជាង៥០ប្រទេស​ មកចោមរោម​ ព្រះថោង​ នាងនាគ​ យ៉ាងរីករាយ​ លេីទឹកដី​ តំបន់ឆ្នេរ​ សន្តិភាពកម្ពុជា»។
លោកបន្តថា ៖ «ប្រិយមិត្តយេីង​ តេីសម្រស់ឆ្នេរកោះរ៉ុង​យេីង​ ស្រស់ស្អាត​ សាកសម​ជាមួយ​បវរកញ្ញាពិភពលោកដែរឬទេ?» ។
សូមបញ្ជាក់ថា ៖ កម្ពុជាមានកោះតូចធំ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមិនចាញ់តំបន់ដទៃឡើយ ក្នុងនោះក៏មានកោះរ៉ុង និងកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុដែលមានឆ្នេរខ្សាច់ប្រកបដោយភាពទាក់ទាញ ជាច្រើនកន្លែង ជាឋានសួគ៌ធម្មជាតិដែលភ្ញៀវទេសចរមិនគួរមើលរំលង និងកំពុងទាក់ភ្ញៀវទេសចរមកពីគ្រប់មជ្ឈដ្ឋាន។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងថ្លែងថា ៖ នៅទីនេះពេលវេលាល្អបំផុតសម្រាប់ដំណើរកម្សាន្ដមកកាន់កោះរ៉ុង គឺក្នុងខែឧសភា និងខែវិច្ឆិកា សីតុណ្ហភាពក្នុងអំឡុងពេលនេះ ប្រហែលពី25ទៅ40អង្សាសេ។ ចាប់ពីខែធ្នូ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុសស្រស់ស្អាត ជំនោរសមុទ្រ ដ៏បរិសុទ្ធជាមួយ និងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភៈ ។
លោកបន្តថា ៖ សម្រាប់ឆ្នេរខ្សាច់ល្បីៗរបស់កោះរ៉ុងមានដូចជា ៖ ឆ្នេរកោះរ៉ុង (Long Set), ឆ្នេរខាងនិរតី នៃកោះរុង (Southwestern beach, Kohrong), ឆ្នេរសុខសាន្តរីសត ឬក៏គេច្រើនហៅថា ឆ្នេរសុខសាន្ត កោះរ៉ុង, ឆ្នេរខ្សាច់ វ៉ៃត៍ (White) ។ល។ ជាមួយគ្នានេះ ភ្ញៀវទេសចរដែលបានទៅកម្សាន្ដនៅតាមឆ្នេរខ្សាច់របស់កោះរ៉ុង ក៏អាចគយគន់ទេសភាពដ៏ស្រស់អស្ចារ្យនៅពេលព្រះអាទិត្យជិតអស្ដង្គតផងដែរ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *