ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានមានប្តសាសន៍ថា ៖ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា  ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុកដែល ពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ។

សម្តេចធិបតីបន្តថា ៖ ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ 

មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់។ 

សម្តេចធិបតីថ្លែងបែបនេះ បន្ទាប់ពីក្មួយ រស្មីសត្យា បានបង្ហោះ Facebook ថា ៖ «ខ្ញុំបាទឈ្មោះ ជាសំណាង រស្មីសត្យា ភេទប្រុសអាយុ23ឆ្នាំ ការសិក្សាចប់ថ្នាក់ទី12 (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)បច្ចុប្បន្នមិនមានការងារអ្វីទេ សុខភាពល្អធម្មតា ដែលត្រូវជាកូនច្បង របស់លោកវរសេនីយ៍ទោ ជា សំណាង ដែលបានបាត់បង់ជីវិតក្នុងហេតុការផ្ទុះគ្រាប់នៅយោធភូមិភាគទី3 សូមគោរពដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរព ខ្ញុំបាទមានបំណងបន្តវេនពីឪពុកចូលបម្រើការងារយោធានៅខេត្តកោះកុងបន្ដទៀត ដើម្បីបានប្រាក់ខែចិញ្ចឹមម្ដាយ ប្អូនៗនិងជីដូនចាស់ជរា ព្រោះសព្វថ្ងៃក្រុមគ្រួសារខ្ញុំ គ្មានអ្វីទីពឹង សូមសម្ដេច ហ៊ុន ម៉ាណែត សម្ដេចតា មេត្តាជួយសម្រេចបំណងខ្ញុំបាទផង ខ្ញុំបាទសូមគោរពនិងថ្លែងអំណគុណ🙏🏻🙏🏻»៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *