អាល្លឺម៉ង់​ចិន​៖កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែមេសា​នេះ​ចិន​បាន​ជំ​រុញឱ្យ​រដ្ឋមន្ត្រីការបទេស​អាមេរិក លោក Antony Blinken ចូលរួម​ដោះស្រាយ​ការកើនឡើង​ការខ្វែងគំនិត​គ្នា ឬក៏ ចង់ឃើញ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​២​ធ្លាក់ចុះ​ដុនដាប ខណៈ​កិច្ចចរចា​ចាប់ផ្ដើម​ក្នុង​ទីក្រុង​ប៉េកាំង​។ ទីភ្នាក់ងារសារព័ត៌មាន AFP​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​លោក Blinken ដែល​កំពុងស្ថិត​ក្នុងប្រទេស​ចិន សម្រាប់​ការបំពេញ​ទស្សនកិច្ច​ជា​លើក​ទី​២ ក្នុង​រយៈពេល​ជិត​មួយឆ្នាំ ដោយ​បង្ហាញ​ក្ដីសង្ឃឹម​ពី​ភាព​រីកចម្រើន​ក្នុង​កិច្ចចរចា ជាមួយ​ថ្នាក់ដឹកនាំ​ចិន ប៉ុន្តែ​បាន​អះអាងថា​លោក​នឹង​លើកឡើង​ដោយផ្ទាល់​ពី​បញ្ហា​ខ្វែងគំនិត​គ្នា​មួយចំនួន ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​រួមបញ្ចូល​ទាំង​បញ្ហា​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន តៃវ៉ាន់ និង​ពាណិជ្ជកម្ម​។​

នាឱកាស​ទទួល​ស្វាគមន៍​លោក Blinken នៅ​វិមាន Diaoyutai ក្នុង​ទីក្រុង​ប៉េកាំង រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​កត់សម្គាល់ថា​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក កំពុង​ចាប់ផ្ដើម​មាន​ស្ថិរភាព បន្ទាប់ពី​ជំនួប​ទល់មុខ​រវាង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង និង​លោក ចូ បៃ​ដិ​ន ក្នុង​កិច្ចប្រជុំ​កំពូល​មួយ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣​។ «​ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា មាន​កត្តា​អវិជ្ជមាន​ជាច្រើន​នៅក្នុង​ទំនាក់ទំនង​នៅតែ​កើតមាន និង​កើនឡើង​»​។ លោក វ៉ាង យី ដោយ​បន្ថែមថា «​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ក៏​កំពុង​ប្រឈមមុខ​ផងដែរ​នឹង​ឧបសគ្គ​គ្រប់​ទម្រង់​ទាំងអស់ ខណៈ​សិទ្ធិ​ស្របច្បាប់​របស់​ចិន​ក្នុងការ​អភិវឌ្ឍ​កំពុង​រង​ការ គាបសង្កត់​ដោយ​គ្មាន​ហេតុផល រីឯ​បញ្ហា​ស្នូល​របស់​ចិន កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​។ ដូច្នេះ​ថា​តើ​ចិន និង​សហរដ្ឋអាមេរិក គួរតែ​រក្សា​ទំនាក់ទំនង​ឆ្ពោះទៅមុខ​ដោយ មាន​ស្ថិរភាព ក្នុងទិសដៅ​ត្រឹមត្រូវ ឬក៏​បណ្ដោយឱ្យ​ធ្លាក់ចុះ​ដុនដាប​ជាថ្មី​»​។​

​គួរ​បញ្ជាក់ថា ចិន មិនបាន​ប្រកាស​ឱ្យដឹងថា​តើ​អាច​នឹងមាន​ជំនួប​រវាង​លោក Blinken និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ដែរ​ឬក៏​យ៉ាងណា​នោះទេ ប៉ុន្តែ​មានការ​រំពឹងថា ជំនួប​នេះ​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ មុននឹង​លោក​ប្រមុខ​ការទូត​អាមេរិក​ឡើង​ជិះ​យន្ដហោះ​ត្រឡប់​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​វិញ​។​

​ទាក់ទង​បញ្ហា​ចិន​នេះដែរ​អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ (NATO) លោក Jens Stoltenberg កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​មេសា បាន​និយាយ​ពី​ប្រទេស​អាល្លឺម៉ង​ថា ចិន​ចាំបាច់​ត្រូវតែ​ឈប់​គាំទ្រ​សង្គ្រាម​របស់​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ​ន ប្រសិនបើ​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​លោកខាងលិច ហើយ​ព្រមាន​ថា ទីក្រុង​ប៉េកាំង​មិនអាច​ក្រសោប​យក​ទាំងពី​រ​បានទេ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​សុក្រ ទី​២៦ ខែមេសា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖​អំឡុង​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​បែរ​ឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់ លោក​អគ្គលេខាធិកា​អង្គការ NATO បាន​លើកឡើងថា ការគាំទ្រ​របស់​ទីក្រុង​ប៉េកាំង មាន​សារសំខាន់​ជាខ្លាំង ចំពោះ​កិច្ចប្រឹងប្រែង​ធ្វើសង្គ្រាម​របស់​ទីក្រុង​មូ​ស្គូ ដ្បិត​ចិន​បាន​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​សង្គ្រាម​របស់​រុ​ស្ស៉ី តាមរយៈ​ការចែករំលែក​បច្ចេកវិទ្យា​ទំនើបៗ ដូចជា​បន្ទះ​ឈី​ប ជាដើម​។ លោក Stoltenberg បាន​អះអាងថា កាលពី​ឆ្នាំ​២០២៣ រុ​ស្ស៉ី​បាន​នាំចូល​ខ្ទង់​៩០​ភាគរយ នៃ​ឧបករណ៍​មីក្រូ​អេ​ឡិច​ត្រូ​និ​ច​របស់ខ្លួន ពី​ប្រទេស​ចិន ដែល​ត្រូវបាន​ប្រើប្រាស់ ក្នុងការ​ផលិត​មី​ស៉ី​ល រថក្រោះ និង​យន្តហោះ ជាដើម ហើយ​ចិន​ក៏​កំពុង​ជួយ​បង្កើន​សមត្ថភាព​ផ្កាយរណប​របស់​រុ​ស្ស៉ី ផងដែរ​។​

​លោក Stoltenberg បាន​ព្រមាន​ថា «​ចិន​និយាយថា ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោកខាងលិច ប៉ុន្តែ​ក្នុងពេល​ទន្ទឹមគ្នា​នោះ ទីក្រុង​ប៉េកាំង​បន្ត​ជួយ​ជ្រោមជ្រែង ជម្លោះ​ប្រដាប់អាវុធ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប គិត​ចាប់តាំងពី​សម័យ​សង្គ្រាម​លោក​ខាង​លើក​ទី​២​។ ចិន​មិន​អាចមាន​ទំនាក់ទំនង​ល្អជា​មួយ​លោកខាងលិច​ផង ហើយ​បន្ត​គាំទ្រ​រុ​ស្ស៉ី​ផង ក្នុងពេល​ជាមួយគ្នា នោះឡើយ​»​។ លោក​អគ្គលេខាធិការ NATO​ក៏បាន​ព្រមាន​ក្រុម​សម្ព័ន្ធមិត្ត​លោកខាងលិច អំពី​ការពឹង​ផ្អែកទៅលើ​ចិន ដូចដែល​ពួកគេ​ធ្លាប់បាន​ពឹងផ្អែក​លើ​រុ​ស្ស៉ី​។​នាពេល​កន្លងមក​ផងដែរ​។ លោក Stoltenberg បាន​និយាយ​ដូច្នេះ​ថា «​កាលពី​អតីតកាល យើង​បាន​សាង​កំហុស ដោយ​ពឹង​ផ្អែកលើ​ប្រេង​និង​ឧស្ម័ន​របស់​រុ​ស្ស៉ី​។ ដាច់ខាត ពួកយើង​មិនត្រូវ​ប្រព្រឹត្ត​កំហុស​ដូចគ្នា ជាមួយ​ចិន​ឡើយ តាមរយៈ​ការពឹង​ទៅលើ​ថវិកា វត្ថុធាតុដើម និង​បច្ចេកវិទ្យា​របស់​ចិន ជាដើម ព្រោះ​ការពឹងផ្អែក​បែបនេះ ងាយ​ធ្វើឱ្យ​យើង​មាន​ចំណុចខ្សោយ​»​។​

​គួរ​បញ្ជាក់ថា ចិន​បាន​រឹតបន្តឹង​ទំនាក់ទំនង​យោធា​និង​ពាណិជ្ជកម្ម​កាន់តែខ្លាំង ជាមួយ​រុ​ស្ស៉ី​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទាំងពីរ ជាពិសេស​លើ​ទីក្រុង​មូ​ស្គូ សម្រាប់​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​។ ទិន្នន័យ​ពី​អាជ្ញាធរ​គយ​ចិន បាន​បង្ហាញថា ការធ្វើ​ពាណិជ្ជកម្ម​ចិន​-​រុ​ស្ស៉ី បាន​កើន​ដល់​ទំហំ ២៤០.​​១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២៣ ដែលជា​កំណត់ត្រា​ថ្មី និង​ជា​កំណើន​២៦.៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២​។ រីឯ​ការនាំចេញ​ទំនិញ​ចិន​ទៅកាន់​រុ​ស្ស៉ី បាន​កើន​៤៦.៩​ភាគរយ កាលពី​ឆ្នាំ​២០២៣ ខណៈ​ការនាំ​ចូល​ពី​រុ​ស្ស៉ី បាន​កើន​១៣​ភាគរយ​។​

​កាលពី​ខែមីនា​កន្លងទៅ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន នា​ខែឧសភា​ខាងមុខ ដើម្បី​បើក​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៉ី ជីន​ពីង ខណៈ​បើជា​ការ​ពិតមែន វា​នឹង​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​បំផុត​របស់លោក ពូ​ទីន នៅឯ​ក្រៅប្រទេស ចាប់តាំងពី​រូបលោក​បាន​បន្ត​ជាប់ឆ្នោត​ជា​មេដឹកនាំ​រុ​ស្ស៉ី សម្រាប់​អាណត្តិ​ថ្មី​។​លើក​មុននឹង​បើ​ប្រ​ប្រតិបត្តិការ​ពី​សេស​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​លោក​ប្រធានាធិបតី​ពូ​ទីន​ក៏បាន​ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិន​ផងដែរ​ក្រោមរូបភាព​ចូលរួម​បើក​កីឡា​អូឡាំពិក​ក្នុងប្រទេស​ចិន​។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *