ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករបានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវពួកគាត់ ដោយរិះគិតរកគ្រប់មធ្យោបាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹកនិងឧតុនិយម លោកអភិបាលស្រុកមង្គលបូរី លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះទៅដល់ទីតាំងក្រុមការងារខួងអណ្តូងយកទឹកពីក្រោមដី ដើម្បីមកជួយសង្គ្រោះស្រូវប្រាំងខ្វះខាតទឹកស្រោចស្រពក្រោយពីបានរកប្រភពទឹកបូមជួយអស់លទ្ធភាព នៅទីតាំងវាលភូមិក្រមល ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់គិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធត្រូវឆ្លើយតបដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដោយមិនទុកឱ្យបញ្ហាទាំងនោះកើតមានឡើងដោយមិនបានដោះស្រាយនោះឡើយ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ស្រូវប្រាំងខ្វះខាតទឹកត្រៀមដាក់គ្រាប់ប្រមូលផល ប្រមាណជាង ១០០០ ហិកតានៅផ្នែកខាងលើស្ទឹងមង្គលបូរី ឃុំរហាត់ទឹក កំពុងជួយនេះ ថ្ងៃនេះអណ្តូងដែលក្រុមការងារជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បាននិងកំពុងខួងបាន១អណ្តូងចេញទឹកទៅជួយសង្គ្រោះស្រូវបណ្តើរៗហើយ និងបន្តខួងនៅទីតាំងផ្សេងថែមទៀតតាមស្ថានភាពជាក់ស្តែង។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឱ្យដឹងដែរថា នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ស្រូវដែលជួបបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពមានចំនួន១២៥០ហិកតា។ ដូច្នេះចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២៤ មន្ទីរធនធានទឹកនិងឧតុនិយម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមាន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បានធ្វើការបូមសង្គ្រោះស្រូវបានទាន់ពេលវេលា ក្នុងនោះបានប្រើប្រាស់ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន៩គ្រឿង បូមពីដៃស្ទឹងមង្គលបូរី ក្នុងភូមិចំនួន ៧ ហើយលទ្ធផលសម្រេចគឺ ១១៦៥ហិកតា ស្មើនឹង ៩៣.២០%។ ចំណែកស្រូវនៅសល់ចំនួន ៨៥ហិកតាទៀត មន្ទីរកំពុងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋបន្តបូមសង្គ្រោះរហូតដល់ថ្ងៃទី ៦ខែកុម្គៈ ឆ្នាំ២០២៤ នឹងបញ្ចប់គ្រប់ផែនការជួយបូមសង្រ្គោះរួចផុតពីរាំងស្ងួត100%។ ប្រជាពលរដ្ឋ ប្រជាកសិករបានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវពួកគាត់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *