សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានប្រកាសពីការតែងតាំង លោក Dong Jun ដែលជាអតីតប្រមុខកងទ័ពជើងទឹក ឱ្យឡើងធ្វើជារដ្ឋមន្រ្តីការពារជាតិថ្មី ជាតំណែងដែលទុកនៅទំនេរ ចាប់តាំងពីការដករដ្ឋមន្រ្តីការពារជាតិមុន គឺលោក Li Shangfu កាលពីខែតុលា។
ទីភ្នាក់ងារព័ត៌មានចិន Xinhua បានរាយការណ៍ថា លោក Dong វ័យ៦២ឆ្នាំ ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការពារជាតិថ្មីនៃប្រទេសចិន អំលុងកិច្ចប្រជុំមួយនៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន។ ការតែងតាំងរូបលោកធ្វើឡើង បន្ទាប់ពីលោកLi Shangfu បានបាត់មុខពីសាធារណៈចាប់តាំងពីចុងខែសីហាឆ្នាំនេះ ហើយត្រូវបានទីក្រុងប៉េកាំង ប្រកាសដកហូតតំណែងជារដ្ឋមន្រ្តីការពារជាតិ និងជាទីប្រឹក្សារដ្ឋជាផ្លូវការកាលពីខែតុលា។ រដ្ឋាភិបាលចិនមិនបានបកស្រាយលម្អិតអំពីការបាត់មុខ ឬការដកតំណែងលោក Li ឡើយ។
មុនក្លាយជាប្រមុខកងទ័ពជើងទឹកចិន កាលពីឆ្នាំ២០២១ លោក Dong Jun ធ្លាប់កាន់តួនាទីជា មេបញ្ជាការរងនៃកងទ័ពជើងទឹកចិនប្រចាំភូមិភាគខាងកើត ដែលជាកម្លាំងចម្បងទទួលបន្ទុកបញ្ហាកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បម្រើជាមេបញ្ជាការរងនៃកងទ័ពជើងទឹកចិនភូមិភាគខាងត្បូងផងដែរ ដែលទទួលបន្ទុកធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។ កោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូងគឺសុទ្ធតែជាបញ្ហាដ៏រសើបបំផុតនៅក្នុងទំនាក់ទំនងរបស់ចិនជាមួយសហរដ្ឋអាមេរិក៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *