សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤ ព្រះមហាក្សត្រិយ៍នៃប្រទេសដាណឺម៉ាក Margrethe ទី២ ដែលជាស្ដេចសោយរាជ្យយូរជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប បានប្រកាសថាព្រះអង្គនឹង ដាក់រាជ្យ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោយសោយរាជ្យអស់ ៥២ឆ្នាំ ហើយព្រះបុត្រាចម្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់រជ្ជទាយាទ Frederik នឹងត្រូវឡើង គ្រងរាជ្យបន្ត។
ព្រះមហាក្សត្រិយ៍ Margrethe ទី២ ដែលសព្វថ្ងៃមានព្រះជន្ម ៨៣ព្រះវស្សាបានប្រកាសពីព្រះរាជបំណងដាក់រាជ្យដ៏ភ្ញាក់ផ្អើលមួយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ អំឡុងព្រះរាជ្យសុន្ទរកថាអបអរថ្ងៃចូលឆ្នាំថ្មី។ ព្រះមហាក្សត្រិយ៍ Margrethe ទី២ បានមានបន្ទូលដូច្នេះថា «ខ្ញុំបានសម្រេចថាពេលនេះគឺជាពេលវេលាដ៏ល្អ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ពោលគឺ៥២ឆ្នាំ បន្ទាប់ពីខ្ញុំបានឡើងគ្រងរាជ្យបន្តពីព្រះបិតាជាទីស្រឡាញ់ ខ្ញុំនឹងដាក់រាជ្យ ហើយខ្ញុំនឹងប្រគល់រាជបល្ល័ង្កឱ្យបុត្រាច្បងរបស់ខ្ញុំគឺ ព្រះម្ចាស់រជ្ជទាយាទ Frederik»។
ព្រះមហាក្សត្រិយ៍នៃប្រទេសដាណឺម៉ាក Margrethe ទី២ បានក្លាយជាស្ដេចសោយរាជ្យយូរជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីព្រះមហាក្សត្រិយ៍ អង់គ្លេស Elizabeth ទី២ សោយទិវង្គតកាលពីខែកញ្ញា ឆ្នាំ២០២២ ហើយកាលពីខែកក្កដា ឆ្នាំដដែលព្រះអង្គក៏បានក្លាយជាស្ដេចដែលគ្រងរាជ្យបល្ល័ង្កយូរជាងគេ បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសដាណឺម៉ាក ផងដែរ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ