សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤បានផ្សាយថា អ៉ីស្រាអែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ ទៅលើទីក្រុង Rafah បន្ទាប់ពីទើបនឹងបានប្រកាសអំពីការត្រៀមជម្លៀសជនស៉ីវិលចេញពីទីក្រុងភាគខាងត្បូងនៃតំបន់ហ្គាហ្សាមួយនេះ ដើម្បីត្រៀមវាយលុកជើងគោក។
ក្រុមគ្រូពេទ្យបានរាយការណ៍ពីការវាយប្រហារតាមអាកាស៥លើករបស់អ៉ីស្រាអែលលើទីក្រុង Rafah កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយត្រូវចំផ្ទះ ៣ខ្នងបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ រួមទាំងអ្នកកាសែតក្នុងស្រុកម្នាក់ផងដែរ។ លោក Ibrahim Khraishi ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ Reuters ថា «យើងមានការភិតភ័យ ចំពោះអ្វីដែលបានកើតឡើងនៅ Rafah ហើយការប្រកាសអាសន្នស្ថិតក្នុងកម្រិតខ្ពស់។ អ្នកខ្លះកំពុងរកផ្លូវចេញដោយសារតែភ័យខ្លាចមានអ្វីកើតឡើងចំពោះក្រុមគ្រួសាររបស់ខ្លួន ប៉ុន្តែតើពួកគេត្រូវទៅណា? ពួកគេមិនត្រូវបានអនុញ្ញាតឱ្យទៅកាន់ភាគជើងវិញទេ ព្រោះកន្លែងដែលអាចរស់នៅបាននៅសល់ទំហំតូចពេក»។
ជិត៧ខែនៃការវាយប្រហារតាមផ្លូវអាកាសនិងជើងគោក កងកម្លាំងអ៉ីស្រាអែលក៏បានបន្តការទម្លាក់គ្រាប់បែកលើតំបន់ភាគខាងជើង ភាគកណ្តាល និងតំបន់ភាគត្បូងនៃទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងកើតនៃតំបន់ហ្គាហ្សា ក្នុងគោលដៅលុបបំបាត់ក្រុមហាម៉ាស់ឱ្យអស់៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *