ជើងហោះហើរ S7 Airlines ដឹកអ្នកដំណើរ 175 នាក់ត្រូវចុះចតជាបន្ទាន់នៅពេលដែលម៉ាស៊ីនយន្តហោះទាំងពីរផ្ទុះនិងឆេះពេលចាប់ផ្តើមហោះហើរ។
យោងតាមសារព័ត៌មាន Dailymailបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ៩ ខែធ្នូ នៅលើយន្តហោះ Boeing 737 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី S7 ដោយចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Novosibirsk ក្នុងស៊ីបេរី ទៅកាន់រដ្ឋធានី Moscow (រុស្ស៊ី)។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមដោយអ្នកដំណើរម្នាក់នៅលើយន្តហោះនោះ ផ្កាភ្លើងបានឆាបឆេះជាបន្តបន្ទាប់ចេញពីម៉ាស៊ីនខណៈពេលដែលយន្តហោះកំពុងហោះឡើង។
អ្នកដំណើរមួយចំនួននៅលើជើងហោះហើរបាននិយាយថា ផ្កាភ្លើងបានលេចឡើងនៅពេលដែលយន្តហោះចាប់ផ្តើមដំណើរការនៅលើផ្លូវរត់ ផ្កាភ្លើងតូចៗបានផ្ទុះឡើងដែលនាំឱ្យម៉ាស៊ីនទាំងពីរឆេះ។
អ្នកដំណើរម្នាក់បាននិយាយថា“ម៉ាស៊ីននៅជិតកន្លែងដែលខ្ញុំអង្គុយបានផ្ទុះឡើង ខណៈកំពុងនៅលើផ្លូវរត់។ យន្តហោះរបស់យើងបានហោះហើយរៀងរាល់ 10 ទៅ 20 វិនាទីមានភ្លើងឆេះ។ បន្ទាប់មក ម៉ាស៊ីនទីពីរក៏ឆេះដែរ»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យន្តហោះ Boeing 737 បានបរាជ័យនៅក្នុងម៉ាស៊ីនទាំងពីរភ្លាមៗបន្ទាប់ពីការហោះឡើង ដោយបង្ខំឱ្យអ្នកបើកយន្តហោះធ្វើការចុះចតជាបន្ទាន់ ហើយត្រឡប់ទៅចំណុចចាប់ផ្តើមវិញ។ ប្រហែល 10 នាទីបន្ទាប់ពីឧប្បត្តិហេតុយន្តហោះបានចុះចតដោយសុវត្ថិភាពនៅឯអាកាសយានដ្ឋាន Novosibirsk ហើយមិនមានអ្នកដំណើរឬនាវិកណាម្នាក់រងរបួសនោះទេ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *