ខេត្តស្ទឹងត្រែង៖ មនុស្សចំនួន៥នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនច្រើនប្រភេទប្រមាណជាង ២០០គីឡូក្រាមក្នុងរយៈពេល២ថ្ងៃជាប់គ្នាថ្ងៃទី២៧និងថ្ងៃទី២៨ខែមេសាឆ្នាំ២០២៤ស្ថិតនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថាក្រោយការស៊ើបអង្កេតអំពីករណីដឹកជញ្ជូននិងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០និង២២នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បង្រ្កាបករណីដឹកជញ្ជូននិងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទី១. ឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ទី២.ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ទី៣.ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទី៤.ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងទី៥.ឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ប្រភពបន្តថា វត្ថុតាងដែលចាប់យកបានរួមមាន គ្រឿងញៀនសរុបទម្ងន់ ២០២,៦៨២.៩២ក្រាម មានដូចខាងក្រោម៖
គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់សរុប ១៦៩,៦៩៨.២៦ក្រាម,គ្រឿងញៀនប្រភេទហេរ៉ូអុីនទម្ងន់សរុប ២០,៩៩២.៨ក្រាម, គ្រឿងញៀនប្រភេទ MDMA ទម្ងន់សរុប១១,៩៩១.៨៦ក្រាម, សារធាតុមិនច្បាស់ទម្ងន់សរុប ៣៧,២១៧.៩២ក្រាម, ម្សៅពណ៌លឿងទម្ងន់សរុប១,០៨២.៤២ក្រាម, ជ័រពណ៌ត្នោតទម្ងន់សរុប ១៤៦.១២ក្រាម, ម្សៅក្រាមពណ៌សមានសញ្ញាសម្គាល់៩៩៩ទម្ងន់សរុប១១,៩៥៧.៨៨ក្រាម, ថ្នាំគ្រាប់ពណ៌ទឹកក្រូច ទម្ងន់សរុប ១៩,០៣៥.៤ក្រាម, ម្សៅពណ៌ទឹកដោះគោ ទម្ងន់សរុប ៤,៩៩៦.១ក្រាម។ សរុបវត្ថុតាងគ្រឿងញៀននិងសារធាតុមិនច្បាស់ទម្ងន់សរុប២៣៩,៩០០.៨៤ក្រាម។
ក្រៅពីវត្ថុតាងគ្រឿងញៀនសមត្ថកិច្ចក៏បានដកហូតសម្ភារមួយចំនួនរួមមាន៖រថយន្ត ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ២T- ៩៣៣០, ទូរស័ព្ទដៃចំនួន ០៩គ្រឿង. កាំភ្លើងវ៉ាន់ដឺឡុងចំនួន ០២ដើម គ្រាប់ចំនួន១១គ្រាប់, កាំភ្លើងខ្លី ម៉ាក Micro9 RAPIDE លេខTB 0077797 ចំនួន ០១ដើម គ្រាប់ចំនួន ១៣គ្រាប់, លុយបាតមានចំនួន៨៨,២០០បាត លុយខ្មែរមានចំនួន១,៩៥៩,៥០០៛ និងលុយដុល្លារមានចំនួន ១៥១១$, លោហធាតុពណ៌លឿងប្រភេទជាចិញ្ជៀន ០១ វង់, លោហធាតុពណ៌លឿងជាប្រភេទខ្សែក ០១ខ្សែ, បន្តោងស្រោបលោហធាតុចំនួន ០១ ផងដែរ។
បច្ចុប្បន្ជជនសង្ស័យនិងវត្ថុតាងខាងលើការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *