សារព័ត៌មាន Reutersបានផ្សាយឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៩ ខែមេសានេះ បានរាយការណ៍ថា កូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិកសម្រាប់ការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន ខណៈទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថាទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គត់អាវុធឱ្យរុស្ស៉ី។
KCNA តាមរយៈការដកស្រង់សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា សហរដ្ឋអាមេរិកបានផ្គត់ផ្គត់ជាសម្ងាត់នូវមីស៊ីលរយៈចម្ងាយឆ្ងាយ ទៅឱ្យអ៊ុយក្រែនបង្កជាក្ដីកង្វល់ដល់សហគមន៍អន្តរជាតិ។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមទៀតថា សហរដ្ឋអាមេរិក នឹងមិនអាចយកឈ្នះលើកងទ័ព និងប្រជាជនរុស្ស៉ីដ៏អង់អាច ជាមួយនឹងការផ្ដល់អាវុធចុងក្រោយបំផុតឬការគាំទ្រយោធាបាននោះទេ។ ទំនាក់ទំនងយោធារវាងកូរ៉េខាងជើងនឹងរុស្ស៉ីបាននិងកំពុងកើនឡើងជាលំដាប់ដែលនេះបានបង្កជាក្ដីកង្វល់ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសកូរ៉េខាងត្បូងដែលកំពុងមានភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។
សហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានបញ្ជូនជាសម្ងាត់នូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ទៅឱ្យអ៊ុយក្រែនយកទៅប្រើក្នុងសង្រ្គាមប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៉ី។ ATACMS ជាប្រភេទមីស៊ីលដែលគេអាចបាញ់បានរយៈចម្ងាយ ៣០០គីឡូម៉ែត្រ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *