សារព័ត៌មាន Reutersបានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈបានឱ្យដឹងថា ទាហានអ៊ុយក្រែន ៣១០០០នាក់បានពលីជីវិតនៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ហើយដែលនេះគឺជាការផ្ដល់តួលេខផ្លូវការដំបូងបំផុតនារយៈពេលជាងមួយឆ្នាំមកនេះ។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកៀវ តែលោកមិនបានបញ្ជាក់ពីតួលេខទាហានអ៊ុយក្រែនដែលបានរងរបួស នោះទេ ដោយសារតែបារម្ភថាព័ត៌មាននេះអាចនឹងជួយដល់រុស្ស៉ីក្នុងការរៀបចំផែនការយោធា។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ទាហានអ៊ុយក្រែន ៣១០០០នាក់បានពលីជីវិតក្នុងសង្រ្គាមនេះ ពោលមិនមែន ៣០០ ០០០នាក់ ហើយក៏មិនមែន១៥០ ០០០នាក់ ដូចដែល…(ប្រធានាធិបតីរុស្ស៉ី វ្ល៉ឌីមៀរ ពូទីន) បាននិយាយកុហកនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណា នេះគឺជាការបាត់បងដ៏ធំសម្រាប់យើង»។
គួរបញ្ជាក់ថា អ៊ុយក្រែនមិនធ្លាប់បានបញ្ជាក់ឱ្យដឹងពីចំនួនទាហានរបស់ខ្លួនដែលបានស្លាប់នៅក្នុងសង្រ្គាមជាមួយរុស្ស៉ីនោះទេ ចាប់តាំងពីចុងឆ្នាំ២០២២មក ជាពេលដែលជំនួយការរបស់លោក ហ្សេលេនស្គីម្នាក់គឺលោក Mykhailo Podolyak បាននិយាយថាទាហានអ៊ុយក្រែន ១៣០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពី ការឈ្លានពានរបស់រុស្ស៉ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ម្យ៉ាងទៀត កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកបានរាយការណ៍កាលពីខែសីហា ឆ្នាំ២០២៣ថា ទាហានអ៊ុយក្រែន ៧០ ០០០នាក់បានស្លាប់ រីឯទាហានរុស្ស៉ី ១២០ ០០០នាក់បានស្លាប់នៅក្នុងសង្រ្គាម។ ចំណែកលោក ហ្សេលេនស្គីវិញក៏បានអះអាងដែរថា ទាហានរុស្ស៉ីដល់ទៅ ១៨០ ០០០នាក់ឯណោះត្រូវបានសម្លាប់។ ប៉ុន្តែ ខាងរុស្ស៉ីមិនបានបញ្ចេញតួលេខស្លាប់នៃទាហានរបស់ខ្លួននោះទេ ដោយចាត់ទុកថាវាជាកិច្ចការសម្ងាត់៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *