ភ្នំពេញ​៖​ ក្រោយពីជ្រើសរើសបានមន្ត្រីកសិកម្មឃុំ ចំនួន ២៥០រូប រួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ រួចនឹងរៀបចំដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ទាំង២៥០រូប ដែលបណ្ដុះបណ្ដាលបំប៉នបន្ថែមលើជំនាញសំខាន់ៗមួយចំនួន រួមមាន៖ ១/ វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ជាពិសេស ទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម, ទី២/ បច្ចេកទេសកសិកម្ម និងទី៣/ វីធីសាស្រ្តបង្រៀន និងការសម្របសម្រួលជាមួយប្រជាកសិករនៅខេត្តចំនួន ១៧ ដែលមានសកម្មភាពសក្តានុពលកសិកម្ម ។
មន្ត្រីកសិកម្មឃុំ បានប្តេជ្ញាខិតខំជួយគាំទ្រដល់ប្រជាកសិករឱ្យមានភាពកក់ក្ដៅ និងមានជីវភាពធូរធារ តាមរយៈការងារស្នូលចំនួន ៤ រួមមាន៖ ទី១/ កំណត់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាកសិករ, ទី២/ លើកយកបញ្ហា ដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធ ជូនប្រជាកសិករ, ទី៣/ សម្របសម្រួល និងដឹកនាំរកដំណោះស្រាយជូនប្រជាកសិករ និងទី៤/ គាំទ្រសហគមន៍កសិកម្ម ដើម្បីផ្សារភ្ជាប់ទីផ្សារ ។
កម្មវិធីគោលនយោបាយទី៦ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ក៏ដូចជាការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ កំពុងបន្តនូវវឌ្ឍនភាពឥតឈប់ឈរ ដើម្បីបែងចែកនូវមនុញ្ញផលដោយសមធម៌ជូនដល់ប្រជាកសិករកម្ពុជា ក្នុងបង្កើននូវផលិតផលកសិកម្ម និងកសាងមូលដ្ឋានសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ព្រមទាំងអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់ ក្នុងការត្រៀមលក្ខណៈធានានូវសន្តិសុខ និងសុវត្ថិភាពស្បៀង ដែលជាបញ្ហាប្រឈមរបស់ពិភពលោកនាពេលបច្ចុប្បន្ន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *