សារព័ត៌មាន Reuters នៅថ្ងៃទី ៤ខែឧសភា បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ក្នុងរដ្ឋ Rio Grande do Sul ស្ថិតនៅចុងភាគខាងត្បូងបំផុតនៃប្រទេសប្រេស៊ីល បានសម្លាប់មនុស្ស ៣៩នាក់ និងរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងបន្តកើនឡើង។ក្រុមមន្ត្រីក្នុងរដ្ឋ Rio Grande do Sul បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៣ ខែឧសភាថាមនុស្ស ៦៨នាក់នៅតែបន្តបាត់ខ្លួននៅឡើយ និងយ៉ាងហោច ២៤ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ខណៈព្យុះភ្លៀងបានបង្កផលប៉ះពាល់ដល់ច្រើនជាងពាក់កណ្ដាលនៃទីក្រុងចំនួន៤៩៧ ក្នុងរដ្ឋមួយនេះដែលមាន ព្រំដែនជាប់ជាមួយប្រទេសអ៊ុយរូហ្កាយ និងអាហ្សង់ទីន។
នៅតាមទីក្រុងជាច្រើន ផ្លូវត្រូវបានជន់លិច រីឯស្ពានរងការខូចខាត ឬត្រូវបានបំផ្លាញដោយទឹកជំនន់។ បន្ថែមពីលើនេះ ព្យុះភ្លៀងក៏បានបង្កជាគ្រោះរអិលបាក់ដី និងបណ្ដាលផ្នែកខ្លះនៃទំនប់ទឹកមួយបាក់រលំផងដែរ។
ភ្លៀងធ្លាក់ខ្លាំង ក៏ធ្លាប់បានវាយប្រហារលើរដ្ឋ Rio Grande do Sul ផងដែរកាលពីខែកញ្ញា ឆ្នាំមុន ក្រោមឥទ្ធិពលនៃព្យុះស៊ីក្លូនមួយដែលបានបង្ក ជាគ្រោះទឹកជំនន់សម្លាប់មនុស្ស ៥០នាក់៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *