ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចដែលប្រមុខក្រសួងមហាផ្ទៃចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។ បើតាមលោក បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មន្ត្រីរូបនេះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។
នេះមិនមែនជាលើកទីមួយទេដែលលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើមន្ត្រីដែលរកឃើញថាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ និងច្បាប់ជាតិ ។ ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរឹងផងដែរ។
សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរម្លឹកដោយសង្កត់ធ្ងន់នូវប្រសាសន៍ដ៏ច្បាស់លាស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ដែលលោកតែងតែបញ្ជាក់ថា មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀនទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *