ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានថ្លែង​ឱ្យ​នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះថា៖​ គិតត្រឹមរយៈពេល១ខែដំបូង​ ឆ្នាំ​២០២៣នេះនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣ ៥៨៧ នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។
លោកអ្នកនាំពាក្យ​រូបនេះ​ បានគូសបញ្ជាក់ទៀត​ថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ ពោលគឺមានរយៈពេល១ខែគត់នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាល​ថ្នាក់ជាតិនេះ ក្នុងនោះដែរក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារ​ថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាគៀងគរ​យុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។
លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ ក្នុងចំណោម អ្នកចុះឈ្មោះសរុបប្រមាណ ១៣ ៥៨៧នាក់ (ស្រី ៤ ៧០៤នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥ ៧០៤នាក់, បាត់ដំបង ១ ៤៨៨នាក់ សៀមរាប ៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៤ ៥០២នាក់ ។ ក្នុងនោះដែរអ្នកចុះឈ្មោះរៀនវគ្គបណ្តុះបណ្តា សំណង់សរុបមានចំនួន ១ ៩១១នាក់, អគ្គិសនី និងថាមពល ៤៩១នាក់, អេឡិចត្រូនិក ៣៥២នាក់, កម្មន្តសាល ៨៥នាក់, មេកានិចទូទៅ/មេកានិច​រថយន្ត ២ ០០៤នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ៤ ៤៩០នាក់ , សេវាកម្ម ៧៣០នាក់, បរិក្ខារត្រជាក់ និងកម្តៅ ១ ៩៩៤នាក់, ទេសចរណ៍ ៨២៣នាក់, និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៧០៧នាក់។
រដ្ឋលេខាធិការរូបនេះ​ បន្តបញ្ជាក់ថា ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ​អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧ទ្រង់ទ្រាយធំ ក្នុងនោះដែរការចុះយុទ្ធនាការផ្សព្វផ្សាយតាម សង្កាត់ និងតាម​ខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​បានចំនួន ៥០១លើក ដែលមានអ្នក​ចូលរួមសរុប ៥០ ៦៤០នាក់។
លោករដ្ឋលេខាធិការ​ បានបន្ថែមថា​ ក្នុងនោះមានអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមិនត្រឹមតែនៅតាមខ្នង​ផ្ទះពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួង​ក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតបណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ ។
គួរបញ្ជាក់ថា​ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង​ហានិភ័យចំនួន ១,៥ លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​អាណត្តិទី៧នេះ ដែលកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់​ឱ្យអនុវត្តជាផ្លូវការ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *