ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចផ្នែកចរាចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣នេះថា មានបុរសជនបរទេសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកមនុស្សបួននាក់ទៀតរងរបួសពេលរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣។
សមត្ថកិច្ចក្រុងច្បារមនបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ2BV-6358 បើកបរក្នុងទិសដៅពីកើតទៅលិចដោយឈ្មោះ Lu Wei ping ភេទប្រុស អាយុ៣៥ឆ្នាំនិងអ្នករួមដំណើរ៤នាក់មាន១.ឈ្មោះ jiang Zhi Cheng ភេទប្រុស អាយុ៤០ឆ្នាំ, ២.ឈ្មោះ Wang Shi song ភេទប្រុសអាយុ៣០ឆ្នាំ, ៣.ឈ្មោះ huang Jin ភេទស្រី អាយុ៣២ឆ្នាំនិង៤.ឈ្មោះ Chang xi Joe ភេទស្រី អាយុ ៣៧ឆ្នាំ(ស្លាប់) ។ ទាំង៥នាក់នេះធ្វើការនៅរោងចក្រដំណាប់ស្វាយ នៅភូមិអូរគគីរ ឃុំក្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពេលបើកមកដល់ចំណុចខាងលើបានបុករថយន្តមួយគ្រឿងម៉ាក ហ្វដរ៉េនជើរ ពណ៌ខ្មៅ ពាក់ស្លាក លេខ កម្ពុជា YSV-1808 អ្នកបើកបរឈ្មោះ យ៉ែម សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (បានគេចខ្លួនក្រោយពេលកើតហេតុ) ។
អ្នករួមដំណើរ ឈ្មោះ កុយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីលិចទៅកើត ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះជាជនបរទេសយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។
ចំពោះវត្ថុតាង យើងបានប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺដើម្បីដោះស្រាយចាត់ការតាមនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *