សារព័ត៌មាន AFP បានផ្សាយថា អ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះបានបង្កើនការវាយប្រហារទាំងតាមជើងគោកនិងការទម្លាក់គ្រាប់បែកប្រឆាំងនឹងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិកបោះឆ្នោតវេតូលើការអំពាវនាវជាពិសេសមួយរបស់អង្គការសហប្រជាជាតិ ឱ្យមានបទឈប់បាញ់សម្រាប់សង្រ្គាមអូសបន្លាយពេលជាង២ខែមកនេះ។
ក្រុមហាម៉ាស់និងអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងតំបន់ West Bank បានថ្កោលទោសការបោះឆ្នោតវេតូរបស់សហរដ្ឋអាមេរិកលើដំណោះស្រាយ UN ខណៈដែលក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់បានឱ្យដឹងពីចំនួនអ្នកស្លាប់ក្នុងការវាយប្រហារពីសំណាក់អ៉ីស្រាអែលដែលបានកើនឡើងដល់ ១៧,៤៨៧នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ តាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុង Khan Yunis នៃភាគខាងត្បូងហ្កាហ្សា បានសម្លាប់មនុស្ស៦នាក់ រីឯ៥នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកមួយក្នុងទីក្រុង Rafah។
សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៨ ខែធ្នូនេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានបោះឆ្នោតវេតូលើសំណើមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន។
នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសុក្រ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ចំនួន ១៣ ក្នុងចំណោម ១៥ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រាង ដំណោះស្រាយខាងលើដែលលើកឡើងដោយអេមីរ៉ាតអារ៉ាប់រួម ខណៈចក្រភពអង់គ្លេសបានអនុបវាទ ហើយមានតែសហរដ្ឋអាមេរិកម្នាក់ឯងតែប៉ុណ្ណោះ បានបោះឆ្នោតវេតូ។ សហរដ្ឋអាមេរិកនិងអ៉ីស្រាអែលបានប្រឆាំងជំទាស់នឹងដំណោះស្រាយទាមទារឱ្យមានបទឈប់បាញ់ខាងលើ ដោយសារតែពួកគេជឿថាដំណោះស្រាយនេះគឺផ្ដល់ផលចំណេញដល់ក្រុមហាម៉ាស់។ តែព្រមពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោននៅតែបង្ហាញការគាំទ្រឱ្យមានការផ្អាកបាញ់រយៈពេលខ្លី និងសម្រួលដល់ការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស់៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *