ខេត្ត​កំពង់​ស្ពឺ​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តី ថ្លែងការណ៍មួយ​ ជុំវិញ​ករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំផឹកស៊ី​ ច្រៀង​រាំនៅចំណុចចំការតែ។
នៅក្នុង​សេចក្តីថ្លែងការណ៍​ខាងលេីនេះ​ បានបញ្ជាក់ថា​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៦ និង៣០នាទីរសៀល នៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំ ផឹកស៊ី ច្រៀងរាំ ស្រាប់តែបានផ្ទុះអាវុធនៅកន្លែងកម្មវិធី ដោយបាញ់ឡើងទៅលើ ការផ្ទុះអាវុធបន្តរហូតដល់ម៉ោង០៦ និង ០០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទើបអ្នកទាំងអស់នោះបញ្ឈប់ការបាញ់បោះសប្បាយ និងគេចចេញពីកន្លែង កើតហេតុខាងលើ ។
ក្រោយពីបានទទួលនូវព័ត៌មានខាងលើ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំដោយ​ លោកព្រះរាជអាជ្ញា ស៊ិន វិរៈ បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធមូលដ្ឋាន ចុះស្រាវជ្រាវពិនិត្យរកឃើញថា ទីតាំងខាងលើជារបស់ឈ្មោះ កង តារាវិតា ភេទស្រី អាយុ២៨ឆ្នាំ ហើយនៅថ្ងៃកើតហេតុខាងលើមានឈ្មោះ កង តារាវិឆៃ ដែលត្រូវជាបងប្រុសរបស់ កង តារាវិតា បាននាំមិត្តភក្ដិរបស់ខ្លួនមកធ្វើខួបកំណើត ដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធជាច្រើនគ្រាប់។ កន្លែងកើតហេតុ បានបន្សល់ នូវវត្ថុតាងជាសំបកគ្រាប់ បាញ់រួច មានចំនួន២០៣គ្រាប់ (សំបកគ្រាប់កាំភ្លើងខ្លីចំនួន ១១២សំបក, សំបកគ្រាប់កាំភ្លើង ប្រភេទ M16 ចំនួន៣៦សំបក និងសំបកគ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន៥៥សំបក) និងស្រោមកាំភ្លើងខ្លីមួយ ព្រមទាំង បានធ្វើកំណត់ហេតុបិទទីតាំងខាងលើ ជាបណ្តោះអាសន្ន។
អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យ ចំនួន ០៤រូប រួមមាន៖ ១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ២-ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ៣-ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ និង ៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ បានចូលមក សារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ និងបក្ខពួកកំពុង គេចខ្លួន ។
នគរបាលយុត្តិធម៌ ទាំងស្នងការដ្ឋាន និងកងរាជអាវុធហត្ថ រួមជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ខិតខំ ប្រឹងប្រែង ស្រាវជ្រាវដោយយកចិត្តទុកដាក់ កសាងជាសំណុំរឿងបញ្ចូនជនពាក់ព័ន្ធខាងលើ មកអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយមានមូលដ្ឋានគ្រប់គ្រាន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យរួមមាន៖ ១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ២-ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ៣-ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ និង ៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ ៥-ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ ព្រមទាំង បក្ខពួក ពីបទ៖ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិ មាត្រា ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ជូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធីច្បាប់។
អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ​ នឹងបន្តឃ្លាំមើល តាមដានដោយយកចិត្តទុកទៅលើបក្ខពួកទាំងឡាយ ដែលកំពុងគេចខ្លួនមិនឱ្យរួចផុតពីសំណាញ់ច្បាប់ឡើយ។​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *