គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ ២០២៣ ​កម្ពុជា​ បាននាំចេញទំនិញទៅទីផ្សារ​អាមេរិក មានទឹក​​ប្រាក់​សរុប​ជាង ៧,៤៩ ពាន់​លាន​ដុ​ល្លារ ថយចុះ​ ១,៦ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ សម្រេចបាន ៧,៦ពាន់​លានដុល្លារ​អាមេរិក។ ដោយឡែកការនាំចេញមកវិញ មានចំនួនទឹកប្រាក់ជាង ២០០លានដុល្លារប៉ុណ្ណោះ។ នេះបើយោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សហរដ្ឋអាមេរិក នៅតែឈរលេខរៀងទី១ ជាប្រទេសដែលកម្ពុជា បាននាំចេញទំនិញទៅច្រើនជាងគេ បន្ទាប់មកវៀត​ណាម ចិន និងជប៉ុន ជាដើម។

សម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីររយៈពេល ១០ខែនេះ សម្រេចបាន ៧,៧០លានដុល្លារ ធ្លាក់ចុះ ២,៤​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួន ៧,៨ពាន់លានដុល្លារ។

ទំនិញសំខាន់ៗ ដែល​កម្ពុជា​នាំទៅ​អាមេរិក មានដូចជា ជា​សម្លៀកបំពាក់ ផលិត​​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក ​​អគ្គិសនី និង​កង់ ខណៈ​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជា មាន​ដូច​​ជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន ផលិតផល​ប្រើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ឱសថ​ ជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាពេលកន្លងមកថា ការនាំ​ចេញ​ទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារ រងឥទ្ធិពលពី​សង្រ្គាម​អ៊ុយក្រែន រុស្ស៊ី រួមទាំង​សង្រ្គាមហាម៉ាស់ អ៊ីស្រអែល ដែលនាំឱ្យកើតមាន​វិបត្តិសេដ្ឋកិច្ចជាសកល។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការ​នាំចេញទៅកាន់អាមេរិក​អាចនឹងមានការកើន​ឬថយចុះ​បន្តទៀតនោះ គឺអាស្រ័យ​ទៅលើវិបត្តិសេដ្ឋកិច្ចជាសកល ជាពិសេសការប្រែប្រួលសង្រ្គាមនៅលើពិភពលោក។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៩,២៨១​ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦​ ភាគរយ ​បើ​ធៀប​ឆ្នាំ ២០២១ ដែលមាន​ចំនួន ៧,៨២៦ ​ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់​ជិត ៨,៩៦៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១៩.៧ ​ភាគរយ និង​នាំចូល​មាន​ចំនួន​ជាង ៣១២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧.១ ​ភាគរយ​។​ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *