ភ្នំពេញ ៖ មជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា បានលែងសត្វត្រដក់តូចពេញវ័យមួយក្បាលដោយជោគជ័យ ត្រឡប់ទៅក្នុងជម្រកធម្មជាតិរបស់វាវិញ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ។
ដំបូងឡើយ ត្រដក់តូចនេះត្រូវបានដកហូតពីការជួញដូរសត្វចិញ្ចឹមខុសច្បាប់នៅក្នុងឆ្នាំ ២០១៩ បន្ទាប់ពីវាត្រូវបានគេរក្សាទុកតាំងតែពីតូច។ ពេលវេលាបានកន្លងផុតទៅ ត្រដក់តូចនេះបានធំឡើងជាមួយនឹងការបង្ហាញអាកប្បកិរិយាព្រៃ ហើយបានឆ្លើយតបយ៉ាងល្អចំពោះការស្តារនីតិសម្បទា រហូតដល់ក្រុមការងារយើងមានទំនុកចិត្តចំពោះសមត្ថភាពនៃការរស់រានមានជីវិតនៅក្នុងព្រៃរបស់សត្វមួយក្បាលនេះ។
កាលពីពេលថ្មីៗនេះ សត្វត្រដក់តូចដែលបានកត់ត្រានៅបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងការគំរាមកំហែង ត្រូវបានចាត់ថ្នាក់ចុះមកជាប្រភេទជិតទទួលរងគ្រោះ ដែលនេះជាលទ្ធផលនៃវិធានការអភិរក្សដែលបានអនុវត្តដោយអាជ្ញាធររដ្ឋាភិបាល អង្គការអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍នៅតាមបណ្តាប្រទេសនានាដែលមានវត្តមានសត្វប្រភេទនេះរស់នៅ។ ខណៈដែលត្រដក់តូចលែងជាប្រភេទដែលប្រឈមនឹងការឆាប់ផុតពូជ ប្រភេទសត្វនេះនៅតែងាយទទួលរងនឹងការគំរាមកំហែងជាច្រើន ហើយពួកយើងសូមជំរុញឱ្យអ្នកគ្រប់គ្នាចូលរួមក្នុងការការពារបក្សីប្រភេទនេះ និងប្រភេទសត្វព្រៃដទៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ៕ នគរវត្ត