ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕

  សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង១៩និង១២នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ជនសង្ស័យម្នាក់ឈ្មោះ​ វិន សុភក្ត្រា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធករណី​ រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងចំនួន០២នាក់​ ១.ឈ្មោះ​ ងួន ប៊ុនរី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ​ ខេង សេងថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ តាមការបំភ្លឺរបស់ដើមបណ្ដឹងទាំង២នាក់បញ្ជាក់ថា​ នៅអំឡុងឆ្នាំ២០១៨ ជនរងគ្រោះទាំង០២នាក់ បានចូលហ៊ុនគ្នាបើកក្រុមហ៊ុនពុះដីឡូតិ៍លក់ ដែលមានទីតាំងនៅសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានឱ្យឈ្មោះ​ វិន សុភក្ត្រា​ (ជនសង្ស័យ)​ ត្រូវជាប្អូនថ្លៃរបស់ពួកខ្លួន ជាអ្នកទទួលប្រាក់ពីអតិថិជន ដែលទិញដីឡូតិ៍របស់ក្រុមហ៊ុនខាងលើ ហើយខាងក្រុមហ៊ុនបានលក់ដីល្វែងអស់ តែមិនឃើញមានប្រាក់ក្នុងគណនេយ្យ ទើបមានការសង្ស័យ រហូតនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងក្រុមហ៊ុនពុះដីឡូតិ៍បានត្រួតពិនិត្យមើលក្នុងគណនេយ្យ ទើបដឹងថា ជនសង្ស័យ​ បានលួចប្រាក់របស់ក្រុមហ៊ុនអស់សរុបចំនួន១០១,៦៩៣ដុល្លារ (មួយសែន មួយពាន់ ប្រាំមួយរយកៅសិបបី)ដុល្លារ ជនសង្ស័យបានលួចយកប្រាក់ថ្លៃឈ្នួលផ្ទះមួយចំនួនទៀត មិនបានបាញ់ចូលគណនេយ្យរបស់ក្រុមហ៊ុនឡើយ ក្រោយមកខាងក្រុមហ៊ុនដីឡូតិ៍បានហៅជនសង្ស័យ មកទូរទាត់ប្រាក់​ តែជនសង្ស័យបាននិយាយថា ប្រាក់ទាំងអស់នោះ បានយកទៅប្រើប្រាស់រកស៊ីផ្ទាល់ខ្លួន និងលេងល្បែងអស់ហើយ។

ក្រោយពីទទួលបានរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរួច នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ការិយាល័យជំនាញបានធ្វើរបាយការណ៍សុំ បើកការស៊ើបអង្កេតបឋមទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តាមនីតិវិធី ដោយទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ ៤៧១ អយ.ក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ របស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម ការិយាល័យជំនាញបានបញ្ជូនដីកាទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចំណាត់ការតាមនីតិវិធី រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដើមបណ្តឹងខាងលើបាននាំឈ្មោះ​ វិន សុភក្ត្រា (ជនសង្ស័យ) មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំពាក់ព័ន្ធករណីរឿងហេតុខាងលើហើយធ្វើការឃាត់ខ្លួនតែម្ដង។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ ជនសង្ស័យ​បាន​ឆ្លើយសារភាពថា​ រូបខ្លួនពិតជាបានយកប្រាក់របស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *