ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ស្ថានភាពនៃការប្រែប្រួល អាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជា ច្រើន។ បុគ្គលគ្រប់រូប អាចធ្លាក់ខ្លួនឈឺដោយសារកម្ដៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្ស ចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្អខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពារ រាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។ ពេលអាកាសធាតុក្តៅខ្លាំង អាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួន ដូចជា ការបែកញើសខ្លាំងខុសពីធម្មតា អស់កម្លាំង ឈឺរមូលក្រពើ ឈឺក្បាល ចង្អោរ ក្អួត វិលមុខ ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្តដូចខាងក្រោម៖

• ពិសាទឹកឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ ទោះបីជាមិនស្រេកទឹកក៏ដោយ។ បង្ការជំងឺរាករូស និងជំងឺផ្សេងៗ ដែលធ្វើឱ្យមានការបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយរក្សាអនាម័យខ្លួនប្រាណ អនាម័យម្ហូបអាហារ និងពិសាទឹកឆ្អិនឬទឹកចម្លោះ។ 

• ចៀសវាងការពិសាជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។

ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅនិងការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជា សម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារ កម្ដៅថ្ងៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង។

• ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូច នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយ ដែលធ្វើឱ្យមានកម្ដៅឡើងបន្ថែមទៀត។

• ចៀសវាងស្ថិតនៅក្រោមកំដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំង ការពារកម្ដៅព្រះអាទិត្យ។

កាត់បន្ថយកម្ដៅចូលក្នុងផ្ទះ ដោយបិទទ្វារឬបាំងវាំងនននៅពេលថ្ងៃ និងបើកបង្អួចនៅពេលយប់។

ប្រសិនបើអ្នកចេញទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពសម្រាប់ព្រឹកព្រលឹមបើអាច ធ្វើបាន ឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពចុះមកត្រជាក់។ ចៀសវាងសកម្មភាពនៅពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យកំពុងពេញកម្ដៅ។ ហាត់បន្សំខ្លួនជាបណ្តើរៗជាមួយលក្ខខណ្ឌអាកាសធាតុក្តៅ។

ប្រើកន្សែងសើមជូតមុខរបស់អ្នកពេលនៅក្នុងម្លប់ ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនមាន អារម្មណ៍ថាក្តៅខ្លាំង។ ងូតទឹកត្រជាក់ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវចៀសវាងការធ្វើឱ្យមាន ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីកន្លែងដែលមានសីតុណ្ហភាពក្តៅ

ដែលអាចបណ្តាលឱ្យមានការថយចុះកម្ដៅភ្លាមៗ និងអាចមានគ្រោះថ្នាក់ ជា

ពិសេសចំពោះមនុស្សចាស់ ឬកុមារ។ ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការប្រកបដោយសុវត្ថិភាព

ក្នុងកម្ដៅដែលអាចទ្រាំទ្របាន ហើយធ្វើការសន្សឹមៗកុំប្រញាប់ប្រញាល់។

ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ តាម ដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថារាងកាយរបស់លោកអ្នក មានភាពធន់ខ្ពស់អាច ទប់ទល់ចំពោះកម្ដៅក្នុងកម្រិតណាមួយ។

កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ ពីព្រោះវានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។

សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយ រងគ្រោះដោយសារអាកាសធាតុក្តៅ រួមមាន មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង២ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការ ជំនួយយ៉ាងតិចណាស់ពីរដងក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្តៅ។ សូមកុំទុកពួកគាត់ ចោលដោយមិនបានតែសួរសុខទុក្ខពួកគាត់។

ប្រសិនបើមានរោគសញ្ញា ដូចជា៖ វិលមុខ ចង្អោរឬក្អួត ឈឺក្បាល រមូលសាច់ដុំ (រមួលក្រពើ) ដែលជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ និងត្រូវសម្រាកពីរ បីនាទី ហើយពិសាភេសជ្ជៈត្រជាក់យឺតៗ កុំបន្តសកម្មភាព ព្រោះអាចនាំឱ្យមាន ហានិភ័យខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព។ សូមស្វែងរកការព្យាបាល ភ្លាមៗ នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក ប្រសិនបើមិនធូរស្រាល។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *