ភ្លាមៗនោះ សហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់អ្នកស៊ើបអង្កេតរុស្ស៊ីដែលថា ជនល្មើសនៃការវាយប្រហារភេរវកម្មលើមជ្ឈមណ្ឌលប្រគុំតន្ត្រីនៅជាយក្រុងមូស្គូគឺពាក់ព័ន្ធទៅនឹង ‘អ្នកជាតិនិយមអ៊ុយក្រែន’។
កាលពីថ្ងៃទី 28 ខែមីនា គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយជាលើកដំបូងថា ខ្លួនបានរកឃើញភស្តុតាងនៃទំនាក់ទំនងរវាងជនសង្ស័យភេរវករ និងអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរបស់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីថា “បន្ទាប់ពីធ្វើការជាមួយភេរវករដែលត្រូវបានឃុំខ្លួន សិក្សាឧបករណ៍បច្ចេកទេសដែលបានរកឃើញពីពួកគេ និងការវិភាគព័ត៌មានស្តីពីប្រតិបត្តិការហិរញ្ញវត្ថុ យើងទទួលបានភស្តុតាងនៃការភ្ជាប់ជនសង្ស័យជាមួយនឹងអ្នកជាតិនិយមអ៊ុយក្រែន” ។
យោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីផងដែរ ពួកគេមាន “ទិន្នន័យបញ្ជាក់” ដែលអ្នកវាយប្រហារបានទទួលចំនួនសាច់ប្រាក់ និងរូបិយប័ណ្ណគ្រីបតូពីអ៊ុយក្រែន។ លើសពីនេះ ជនសង្ស័យម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុង “ផែនការហិរញ្ញប្បទានភេរវកម្ម” ក៏ត្រូវបានចាប់ខ្លួនផងដែរ។
ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បានពណ៌នាការចោទប្រកាន់របស់រុស្ស៊ីថា “មិនសមហេតុសមផល និងការឃោសនា” ហើយបានអះអាងថា អង្គការរដ្ឋអ៊ីស្លាមដែលប្រកាសដោយខ្លួនឯងគឺទទួលខុសត្រូវទាំងស្រុងចំពោះឧក្រិដ្ឋកម្មនៃការវាយប្រហារ។
លោក Kirby បាននិយាយថា “តាមពិត សហរដ្ឋអាមេរិកបានព្យាយាមជួយទប់ស្កាត់ការវាយប្រហារភេរវកម្ម ហើយវិមានក្រឹមឡាំងដឹងពីរឿងនេះ”។
នៅដើមខែមីនា សហរដ្ឋអាមេរិកបានព្រមានរុស្ស៊ីជាសាធារណៈ នៅពេលដែលមានព័ត៌មានចារកម្មថា “ពួកជ្រុលនិយម” កំពុងរៀបចំផែនការវាយប្រហារដែលនឹងកើតឡើងនៅទីក្រុងមូស្គូ។ លោក Kirby បាននិយាយថា សហរដ្ឋអាមេរិកបានផ្ញើការព្រមានជាលាយលក្ខណ៍អក្សរទៅកាន់ភ្នាក់ងារសន្តិសុខរុស្ស៊ីនៅម៉ោង 11:15 ព្រឹក ថ្ងៃទី 7 ខែមីនា៕ ដោយ៖ ធីរីណា