ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អតីត​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សៅ​រ៍បាន​និយាយថា លោក​រំពឹង​ថា​នឹងត្រូវ​គេ​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី​២១​មីនា នៅពេល​ក្រុម​រដ្ឋអាជ្ញា​កំពុង​ពិ​​ចារណា​ចោទប្រកាន់​លោក​ជាផ្លូវការថា​លោកបាន​ចំណាយ​លុយ​អោយ​តារា​អាសអាភាស​ម្នាក់​ដើម្បី​បំបិទមាត់​រឿង​លោក​ធ្លាក់​ដេក​ជាមួយ​នាង ហើយ​លោក​បាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​ចេញមក​ប្រឆាំងដោយសារតែវាជាការចោទប្រកាន់បែបនយោបាយ​។​

​លោក​ត្រាំ​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​Truth Social​ថា «​ការ​លិច​ធ្លាយ​ព័ត៌មាន​មក​ពី​ការិយាល័យ​រដ្ឋអាជ្ញា​ដ៏​ពុករលួយ​និង​មាន​និន្នាការ​នយោបាយ​ខ្ពស់​នៅ​សង្កាត់​ម៉ាន់​ហាត​ថា​ន់​…​បង្ហាញថា ទោះ​​ជា​មិន​អាច​បញ្ជាក់​ភស្តុតាង​អំពី​បទឧក្រិដ្ឋ​…​ក៏​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ស្តាំនិយម​កំពុង​មាន​សម្លេង​គាំទ្រ​នាំមុខ​ដាច់​គេនិង​ជា​អតីត​ប្រធានាធិបតី​អាម៉េរិក នឹង​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ស​ប្តា​​ហ៏​ក្រោយ​»​។​

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​របស់​ត្រាំ​បាន​និយាយថា លោក​អតីត​ប្រធានាធិបតី​នៅ​មិនទាន់​ត្រូវបាន​ជូនដំណឹង​អំពី​ការចាប់ខ្លួន​នៅ​ឡើយ​ទេ​។​

​ជុំវិញ​ការទម្លាយ​ព័ត៌មាន​កក្រើក​អាម៉េរិក​នេះ អ្នកនាំពាក្យ​ការិយាល័យ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។​

​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវបាន​ចោទប្រកាន់​ថា​ផ្តល់​លុយ​ដល់នាង​ស្តម​មី ឌែ​នៀ​លស៍​(Stormy Daniels)ចំនួន១៣០.០០០​ដុល្លារ​តាមរយៈមេធាវីផ្ទាល់របស់លោកដើម្បី​កុំ​អោយ​នាង​និយាយ​ចេញ​រឿង​ដែល​លោក​ត្រាំ​ធ្លាប់​បាន​រួមភេទ​​ជាមួយ​នាង​។​

​លោក​ត្រាំ​មិន​បាន​ផ្តល់​ភស្តុតាង​អំពី​ការ​លិច​ធ្លាយ​ព័ត៌មាន​ស្តីពី​ការ​ប្រុង​ចាប់ខ្លួន​លោកមក​ពី​ការិយាល័យ​រដ្ឋអាជ្ញា​ទេ និង​ក៏​មិន​បាន​ពិភាក្សា​អំពី​ការចោទប្រកាន់​ដែរ​នៅក្នុង​សារ​បង្ហោះ​របស់លោក​។​លោក​គ្រាន់​​តែ​សរសេរថា​«ចូរចេញមកប្រឆាំង​តវ៉ា នាំ​ប្រជាជាតិ​របស់​យើ​ង​ត្រឡប់មកវិញ​»​។​

​រំលឹកថា ពួក​អ្នកគាំទ្រ​ត្រាំ​បាន​សំរុកចូល​អាគារ​សភា​អាម៉េរិក​កាលពី​ខែ​មករា​ឆ្នាំ​២០២១​ដើម្បី​រារាំង​ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០ ដែល​ជ័យជម្នះ​បាន​ទៅ​គូប្រជែង ចូ បៃ​ដិន​។​

​ការស៊ើបអង្កេត​នេះ​កើតឡើង​ចំពេល​ដ៏​សំខាន់​មួយ នៅ​ពេល​លោក​ត្រាំ​កំពុង​ស្វះស្វែង​ឈរឈ្មោះ​សំរាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៤​។​

​សូមបញ្ជាក់​ថា​មិន​ដែល​មាន​ប្រធានាធិបតី​អាម៉េរិក​ណា​ម្នាក់ ទាំង​នៅក្នុង​តំណែង​និង​ក្រោយ​កាន់តំណែង ប្រឈម​នឹង​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ទេ​។​លោក​ត្រាំ​បាន​និយាយថា​លោក​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​​ទោះជា​ត្រូវ​បាន​ចោទប្រកាន់​ផ្លូវការ​ពី​បទ​ប្រព្រឹត្ត​បទ​ក្រិ​ដ្ឋ​ណា​មួយ​។​

​ការិយាល័យ​រដ្ឋ​អាជ្ញាធ​រ​នៅ​សង្កាត់​ម៉ាន់​ហាត​ថា​ន់ បាននិងកំពុង​ស៊ើបអង្កេត​ការចោទប្រកាន់​មួយ​ថា លោក​ត្រាំ​បាន​អោយ​លុយ​មេធាវី​ផ្ទាល់ខ្លួន​របស់​លោក គឺ​លោក​ម៉ៃ​ឃើ​ល ខូហិន​(Michael Cohen)​ចំនួន​១៣០.០០០​ដុល្លារ​ដើម្បី​យក​ទៅ​អោយ​តារា​អាសអាភាស​នាង​ស្តម​មី ឌែ​នៀ​លស៍ ក្នុង​បំណង​អោយ​នាង​កុំ​និយាយ​រឿង​ដែល​នាង​ធ្លាក់​ដេក​ជាមួយ​លោក​ត្រាំ​។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *