ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ គិតត្រឹមរយៈពេល១ខែដំបូង ឆ្នាំ២០២៣នេះនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣ ៥៨៧ នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ ពោលគឺមានរយៈពេល១ខែគត់នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ក្នុងនោះដែរក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាគៀងគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា ក្នុងចំណោម អ្នកចុះឈ្មោះសរុបប្រមាណ ១៣ ៥៨៧នាក់ (ស្រី ៤ ៧០៤នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥ ៧០៤នាក់, បាត់ដំបង ១ ៤៨៨នាក់ សៀមរាប ៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៤ ៥០២នាក់ ។ ក្នុងនោះដែរអ្នកចុះឈ្មោះរៀនវគ្គបណ្តុះបណ្តា សំណង់សរុបមានចំនួន ១ ៩១១នាក់, អគ្គិសនី និងថាមពល ៤៩១នាក់, អេឡិចត្រូនិក ៣៥២នាក់, កម្មន្តសាល ៨៥នាក់, មេកានិចទូទៅ/មេកានិចរថយន្ត ២ ០០៤នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ៤ ៤៩០នាក់ , សេវាកម្ម ៧៣០នាក់, បរិក្ខារត្រជាក់ និងកម្តៅ ១ ៩៩៤នាក់, ទេសចរណ៍ ៨២៣នាក់, និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៧០៧នាក់។
រដ្ឋលេខាធិការរូបនេះ បន្តបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ទ្រង់ទ្រាយធំ ក្នុងនោះដែរការចុះយុទ្ធនាការផ្សព្វផ្សាយតាម សង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានចំនួន ៥០១លើក ដែលមានអ្នកចូលរួមសរុប ៥០ ៦៤០នាក់។
លោករដ្ឋលេខាធិការ បានបន្ថែមថា ក្នុងនោះមានអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមិនត្រឹមតែនៅតាមខ្នងផ្ទះពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតបណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ ។
គួរបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការ៕