សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤បានឱ្យដឹងថា មន្រ្តីក្រសួងការបរទេសអាមេរិកបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងលក់ឱ្យអ៊ុយក្រែននូវសម្ភារមានតម្លៃសរុបជាទឹកប្រាក់ ជិត១៤០លានដុល្លារ សម្រាប់ការជួសជុលថែទាំ ក៏ដូចជាដំឡើងសមត្ថភាពរបស់ប្រព័ន្ធការពារដែនអាកាស HAWK ដើម្បីជួយទីក្រុងកៀវការពារខ្លួនពីការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៉ីលគ្រូសរបស់រុស្ស៉ី។
បើតាមមន្រ្តីអាមេរិកខាងលើដែលបានបង្ហើបឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ការលក់សម្ភារយោធានេះ មានទំហំរហូតដល់ ១៣៨លានដុល្លារ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស HAWK ទៅកាន់អ៊ុយក្រែន កាលពីឆ្នាំ២០២២ ដើម្បីជាការផ្តល់មធ្យោបាយការពារផ្ទៃមេឃ ដែលមានសមត្ថភាពខ្ពស់ជាងមុន ធៀបនឹងប្រព័ន្ធ Stinger ដែលជាប្រភេទបាញ់ចេញពីលើស្មា មានទំហំតូច និងប្រើប្រាស់បានត្រឹមតែរយៈចម្ងាយខ្លីៗ។
ចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាសប្រភេទផ្សេងៗទៀត និងទំនើបៗជាងមុន រួមមានទាំងប្រព័ន្ធមីស៉ីល Patriot របស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ នាពេលនេះ អ៊ុយក្រែនកំពុងព្យាយាមស្នើឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនជួយផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីទប់ទល់ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី នៅក្នុងសង្រ្គាមដែលបានអូសបន្លាយពេលជាង២ឆ្នាំ មកហើយ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *