ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ​២០​២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសុខាភិបាល។
សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចខាងក្រោម​៖
-សម្ដេចធិបតី ថ្លែងថា កូវីដ-១៩ អាចឱ្យកម្ពុជាវាយតម្លៃលើស្ថានភាពពីរចំពោះវិស័យសុខាភិបាលកម្ពុជា ក្នុងនោះទី១ បង្ហាញឱ្យឃើញនូវសមត្ថភាពជាក់ស្ដែងរបស់មន្រ្ដីបុគ្គលិកសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេសអំពីសមត្ថភាពជាក់ស្ដែងដែលជាកងទ័ពអាវសរបស់កម្ពុជា។​ ទី២បង្ហាញឱ្យឃើញនូវកម្រិតកង្វះខាតមួយចំនួនដូចជាធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និងជំនាញនៃការប្រើប្រាស់សម្ភារៈជាដើម។ សម្ដេចបន្តថា សរុបមកកូវីដ-១៩ អាចឱ្យយើងឃើញទាំងចំណុចខ្លាំង និងខ្សោយរបស់វិស័យសុខាភិបាលរបស់កម្ពុជា។
-សម្ដេចធិបតី​ ថ្លែង​ជាថ្មីម្ដងទៀត អំណរគុណកងទ័ពអាវស(ក្រុមគ្រូពេទ្យ) ដែលបានខិតខំការងារក្នុងពេលកូវីដរាតត្បាតនៅកម្ពុជាខ្លាំង។
-សម្ដេចធិបតី ថ្លែង​ថា ដើម្បីអភិវឌ្ឍសង្គមជាតិបន្តទៅមុខទៀត រាជរដ្ឋាភិបាលបន្តអភិវឌ្ឍនៅលើគ្រប់វិស័យទាំងអស់ ក្នុងនោះអាទិភាពចំបងគឺការផ្ដល់សេវាសុខាភិបាលឱ្យមានគុណភាពទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសការពង្រឹងការផ្ដល់សេវាល្អនៅថ្នាក់ក្រោមជាតិ ដូចជានៅតាមមណ្ឌលសុខភាពជាដើម។
-សម្ដេចធិបតី​ ថ្លែង​ថា មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់គឺជាទ្រព្យសកម្មដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
-សម្ដេចធិបតី​ ថ្លែងថា ការលើកកម្ពស់សុខភាព និងសុខមាលរបស់ពលរដ្ឋ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥របស់រាជរដ្ឋាភិបាល ។
-សម្ដេចធិបតី ថ្លែង​ថា គណកម្មការជាតិពង្រឹងវិស័យសុខាភិបាល កំពុងគិតគូរលើការពង្រឹងគុណភាពថ្នាំពេទ្យ និងបរិក្ខាពេទ្យ។
-សម្ដេចធិបតី​ បានបញ្ជាឱ្យរដ្ឋមន្ត្រីសុខាភិបាល ដេញថ្លៃថ្នាំពេទ្យ ជាមួយក្រុមហ៊ុន ដែលផ្គត់ផ្គង់ថ្នាំប្រកបដោយគុណភាព មានតម្លៃសមរម្យ។
-សម្ដេចធិបតី ថ្លែង​ថា ទៅថ្ងៃអនាគត ការព្យាបាលជំងឺមហារីក ការវះកាត់បេះដូង ជំងឺធ្ងន់ធ្ងរ អាចនឹងព្យាបាលនៅនឹងមន្ទីរពេទ្យថ្នាក់ខេត្ត ដោយអ្នកជំងឺមិនបាច់មកព្យាបាលនៅភ្នំពេញឡើយ។
-សម្ដេចធិបតី​ ថ្លែងថា​ គ្រប់មន្ទីរពេទ្យទាំងអស់ មិនថាមន្ទីរពេទ្យឯកជន ឬមន្ទីរពេទ្យរដ្ឋ គឺត្រូវតែមានតែសមត្ថភាព និងស្តង់ដារតែមួយដូចគ្នា មិនអាចពេទ្យរដ្ឋស្តង់ដារខ្ពស់ជាង មន្ទីរពេទ្យឯកជនឡើយ។
-សម្ដេចធិបតី​ ថ្លែង​ថា “ជីវិតមនុស្សត្រូវការដូចគ្នា វះឱ្យត្រូវ ឱ្យថ្នាំខ្ញុំឱ្យចំ សមត្ថភាព និងការទទួលខុសត្រូវដូចគ្នា ជីវិតមនុស្សមួយដូចគ្នា មិនថាគាត់សម្រាកព្យាបាលនៅពេទ្យខេត្ត ឬមួយពេទ្យរាជធានី ពេទ្យរដ្ឋ និងពេទ្យឯកជន ”។
-សម្ដេចធិបតី​ ប្រកាស​ណែនាំឱ្យសាលាដែលបណ្ដុះបណ្ដាលលើវិស័យសុខាភិបាល ត្រូវមានស្តង់ដាច្បាស់លាស់។
-សម្ដេចធិបតី​ ថ្លែង​អរគុណដល់សាលាដែលបណ្ដុះបណ្ដាលលើវិស័យសុខាភិបាល ទាំងរដ្ឋ និងឯកជន ដែលបានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស។ សម្ដេច ក៏ណែនាំឱ្យសាលាទាំងនោះបន្តយកចិត្តទុកដាក់ ធានាស្តង់ដារ ពីព្រោះគ្រូពេទ្យមានតួនាទីព្យបាលមនុស្សឈឺ ឱ្យជា អ្នកជិតស្លាប់ឱ្យរស់។
-សម្ដេចធិបតី​ ថ្លែងថា ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ សម្ដេចបានប្រគល់សិទ្ធិឱ្យក្រសួងសុខាភិបាល មានសិទ្ធិក្នុងការសម្រេចក្នុងការបើក ឬបិទគ្រឹះស្ថានសិក្សាលើវិស័យសុខាភិបាល អនុម័តលើកម្មវិធីសិក្សាសុខាភិបាលថ្នាក់ជាតិ ការគ្រប់គ្រងការប្រឡងចូលថ្នាក់ជាតិវិស័យសុខាភិបាល ការចុះហត្ថលេខាលើសញ្ញាបត្រវិស័យសុខាភិបាល ការបញ្ជាក់ភាពត្រឹមត្រូវ និងសមមូលវិញ្ញាបនបត្រក្នុងសញ្ញាបត្រវិស័យសុខាភិបាល។
-សម្ដេចធិបតី ថ្លែងថា​ សម្ដេចកំពុងរៀបចំការជ្រើសរើសមន្រ្ដីស្របទៅតាមភាពបត់បែននៃការបញ្ជូលក្របខណ្ឌថ្មី បានន័យថា ការជ្រើសរើសមន្រ្ដីគ្រប់វិស័យ អាចមានភាពបត់បែនក្នុងការចេញឬចូលក្របខណ្ឌបានរវាងវិស័យរដ្ឋ និងវិស័យឯកជន ដោយអនុវត្តទៅតាមវិធីទាញយកមកបំពេញបន្ថែម ដោយរក្សាអតីតភាពការងារឱ្យនៅដដែល។
-សម្ដេចធិបតី​ សង្ឈឹមថា អ្នកលក់ផលិតផលទាំងឡាយ នឹងគិតគូរដល់សុខភាពអ្នកប្រើប្រាស់ជាចម្បង ព្រោះសម្ដេចមិនចង់ឱ្យក្រសួងសុខាភិបាលបិទទីតាំងអាជីវកម្មលក់ផលិតផលឡើយ។
-សម្ដេចធិបតី គូសបញ្ជាក់ថា​ “កុំឱ្យអ្វីអ្នកដទៃហូប នូវអ្វីដែលយើងមិនគួរហូបខ្លួនឯង”។
-សម្ដេចធិបតី ថ្លែង​ថា រាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យលើការពង្រឹងជំនាញព្យាបាលកម្រិតខ្ពស់ទៅថ្នាក់ក្រោម តាមរយៈយន្តការវិមជ្ឈការ ដើម្បីឱ្យរដ្ឋបាលខេត្តនីមួយៗមានជំនាញកម្រិតខ្ពស់ក្នុងការព្យាបាលនេះ។
-សម្ដេចធិបតី ថ្លែង​ថា៖«ដើម្បីសុខភាពប្រជាជន យើងត្រូវតែហ៊ានវិនិយោគទៅលើវិស័យសុខាភិបាល។ ដូច្នេះពីមួយអាណត្តិទៅមួយអាណត្តិយើងត្រូវតែធ្វើយ៉ាងណាឱ្យការព្យាបាលប្រជាពលរដ្ឋមានភាពល្អប្រសើរជាងមុន។
-សម្ដេចធិបតី ថ្លែង​ថា ការកសាងធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល គឺត្រូវគិតគូរពីការបណ្ដុះបណ្ដាលចេញពីសាលា ដូច្នេះការបណ្ដុះបណ្ដាលត្រូវផ្តោតសំខាន់លើគុណភាពនៃការអប់រំ និងស្ដង់ដារច្បាស់លាស់។ សម្ដេចបញ្ជាក់ថា ការប្រឡងចូលជានិស្សិតពេទ្យគឺត្រូវរៀបចំឱ្យបានតឹងរ៉ឹង និងមិនត្រូវឱ្យមានការប្រឡងជាប់ដោយស្វ័យប្រវត្តិជាដាច់ខាត។
-សម្ដេចធិបតី ថ្លែង​ថា បញ្ហាប្រឈមបរស់កម្ពុជា គឺកង្វះធនធានមនុស្សសម្រាប់វិស័យសុខាភិបាល តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ ដូច្នេះត្រូវរករូបមន្តការកំណត់ការជ្រើសរើសមន្រ្ដីចូលក្នុងក្របខណ្ឌសុខាភិបាលនេះ គឺត្រូវធ្វើម៉េចកុំឱ្យខ្ទាស់ និងកែប្រែភាពបត់បែនដើម្បីធ្វើយ៉ាងណាឱ្យមានធនធានមនុស្សចូលក្នុងវិស័យសុខាភិបាលនេះបន្ថែម។
-សម្ដេចធិបតី ថ្លែង​ថា ដើម្បីធានាគុណភាពសុខាភិបាល ត្រូវធានាគុ ណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺត្រូវធ្វើយ៉ាងណាព្យាបាលមនុស្សដែលឈឺ ឱ្យជា ព្យា បាលអ្នកជំងឺដែលជិតស្លាប់ ឱ្យរស់។
-សម្ដេចធិបតី​ ថ្លែង​ថា បាតដៃក៏សាច់ ខ្នងដៃក៏សាច់ រាជរដ្ឋាភិបាលមានបន្ទុកទទួលខុសត្រូវទាំងអ្នកលក់ និងអ្នកប្រើប្រាស់ ហេតុនេះរាជរដ្ឋាភិបាលមិនចង់ចេញវិធានការណាដែលនាំឱ្យប៉ះពាល់ពលរដ្ឋ ទាំងអ្នកលក់ផលិតផល ថ្នាំសង្កូវឡើយ។
សូមជម្រាបជូនថា​ វិស័យសុខាភិបាល គឺជាការងារដ៏អាទិភាពដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បា​ន​យកចិត្តទុកដាក់ខ្ពស់បំផុតតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស ហើយបន្តរហូតមក​ដល់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត។ ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ ការផ្តល់សេវា​សុខា​ភិបាលល្អប្រសើរជូនដល់អ្នកជំងឺ គឹជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំ​ដោយ​​សម្តេចធិបតី។
ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល គឺជាគោលនយោបាយ​អា​ទិ​ភាព​​ទី១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់​ចេញ​។ តាមរយៈគោលនយោបាយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានគោលដៅធានាឱ្យប្រជាពលរដ្ឋ​ប្រ​មា​ណ ៩លាននាក់ ទទួលបានសេវាសុខាភិបាលល្អប្រសើរនៅពេលមានជំងឺ។
មកដល់ពេលបច្ចុប្បន្ននេះ តាមរយៈរបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាលគ្រប់​ដណ្តប់​លើប្រជាពលរដ្ឋចំនួន ៦,៨លាននាក់ ក្នុងនោះមានសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តមានចំនួន ២លាន ១សែននាក់, មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយរងហានិភ័យចំនួន ៤៩ម៉ឺនគ្រួសារ ស្មើនឹង ១លាន ៨សែននាក់, មូលនិធិសមធម៌​ប្រជា​ជន​សម្រាប់​ប្រជាពលរដ្ឋគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន​ចំនួន​ ២លាន ៨សែននាក់ និងបានពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនដល់ក្រុមប្រជាជន​នៅក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ១០ម៉ឺននាក់ផងដែរ។
ដើម្បីសម្រេចបានគោលនយោបាយផ្តល់សេវាសុខាភិបាលល្អប្រសើរជូនប្រជាពលរដ្ឋ ក្រសួងសុខាភិ​បាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងអនុវត្តន៍លើកិច្ចការនេះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *