ភ្នំពេញ ៖ ចម្ការក្រូចថ្លុងរបស់លោកគ្រូ សោម ស៊ា នៅលើកោះទ្រង់ ខេត្តក្រចេះ។ ក្រូចថ្លុងកោះទ្រង់មានរសជាតិឆ្ងាញ់ត្រូវបានចាត់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI។ តាមលោកចៅសង្កាត់កោះទ្រង់, កោះទ្រង់មានឈ្មោះដំណាលមកថា កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គបានយាងមកកម្សាន្តនៅលើកោះនេះ ហើយក៏បានបាត់ព្រះទម្រង់ (ចិញ្ជៀន) ហើយតំណររៀងមកក៏បានហៅថាកោះទ្រង់ៗមក។ នេះជាប្រសាសន៍ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបង្ហោះលើផេកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខណះអញ្ជើញចុះសួរសុខទុក្ខអ្នកចម្ការក្រូចថ្លុង ចង់ដឹងប្រវត្តិនៃ«កោះទ្រង់» ។
រដ្ឋបាលខេត្តក្រចេះបានបញ្ជាក់ថា ៖ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។
កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ មួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។
កោះនេះមានបណ្តោយប្រមាណ ៤.៥ គ.ម ពីជើងទៅត្បូង ព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩ គ.ម និងអមដងផ្លូវសម្បូរទៅដោយដើមក្រូចថ្លុង ដែលមានរស់ជាតិផ្អែមពីធម្មជាតិពិតៗ នៅចំកណ្តាលកោះមានបឹងចំនួន២ ដែលមានចំការបនែ្ល និងស្រែប្រាំង/វស្សាលាស់ខៀវខ្ចីស្ទើរគ្រប់រដូវកាល សហគមន៍អេកូទេសចរណ៍ធម្មជាតិ បង្កើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ អង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធីអាស៊ី តាមរយៈអង្គការ អុកស្វាមអង់គ្លេស។
សកម្មភាពទេសចរ ៖ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដំាបន្លែ និងមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺករបស់ជនជាតិវៀតណាម ហើយទេសចរក៍អាចធ្វើការប៉ោះតង់លើឆ្នេរខ្សាច់(ឆ្នេរផ្តើមស្នេហ៍)ដ៍ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *