ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋបានចាប់ផ្តើមមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ ជាបន្តបន្ទាប់ និងបង្ហាញពីការពេញចិត្ត និងអរគុណដល់ប្រមុខដឹកនាំរបស់រាជដ្ឋាភិបាលកម្ពុជា ដែលបានគិតគូដល់សុខទុក្ខពួកគាត់គ្រប់ពេល។
អ្នកស្រី ម៉ៃ ម៉ែណាស់ អ្នករស់នៅក្នុងក្រុងរុនតាឯកតេជោសែន បានលើកឡើងថា អ្នកស្រីពិតជាមានសប្បាយចិត្តជាខ្លាំងដែលបានប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ព្រោះវាចំណេញពេលវេលា កាត់បន្ថយការចំណាយថវិកា និងការធ្វើដំណើរតាមផ្លូវក៏មានសុវត្ថិភាពទៀត ហើយថ្ងៃនេះទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ អ្នកស្រីជិះបានបួនជើងហើយ។ អ្នកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគិតគូរពីទុក្ខលំបាក និងបានសម្រួលជួយដល់ប្រជាពលរដ្ឋគ្រប់ពេល។
អ្នកស្រី ដារិទ្ធ អ្នករស់នៅក្នុងក្រុងរុនតាឯកតេជោសែន ក៏បានលើកឡើងដែរថា អ្នកស្រីគឺតែងតែមានការងារទៅទីរួមខេត្តច្រើន នៅពេលមានសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ គឺបានកាត់បន្ថយការចំណាយលើថ្លៃធ្វើដំណើររបស់អ្នកស្រីទាំងស្រុង។ ហើយអ្នកស្រីក៏បានអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាខ្លាំង ហើយសម្រេចចិត្តស្ម័គ្រចិត្តមករស់នៅរុនតាឯកនេះ ក៏ដោយសារតែស្រលាញ់ និងគាំទ្រថ្នាក់ដឹកនាំប្រទេសកម្ពុជា ដោយមិនចង់ឱ្យគេដកប្រាសាទអង្គរវត្តចេញពីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *