សារព័ត៌មាន Reuters នៅថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២៤បានផ្សាយថា អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា រថក្រោះរបស់អ៉ីស្រាអែលបានវាយប្រហារប្រហារលើបរិវេណជំរំដ៏ធំមួយរបស់ UN ក្នុងតំបន់ហ្គាហ្សា ដែលផ្តល់ជម្រកដល់ជនភៀសខ្លួនប៉ាឡេស្ទីន បណ្តាលឱ្យមានអ្នកស្លាប់និងរបួសយ៉ាងច្រើន ប៉ុន្តែអ៉ីស្រាអែលបានច្រានចោលនូវការលើកឡើងនេះ ហើយថាប្រហែលក្រុមហាម៉ាស់ជាអ្នកបាញ់ផ្លោង។
ការវាយប្រហារដែល UN ថាបានត្រូវចំកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់ជម្រកសម្រាប់ជនភៀសខ្លួនចំនួន ៣០,០០០នាក់ នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សា បានជំរុញឱ្យមានការថ្កោលទោសយ៉ាងកម្រពីសហរដ្ឋអាមេរិក។ អ្នកសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌របស់ UN ប្រចាំដែនដីប៉ាឡេស្ទីន លោក James McGoldrick បាននិយាយថា មនុស្សស្លាប់និងរបួសច្រើននាក់ណាស់ ហើយអគារមួយចំនួនដែលត្រូវភ្លើងឆេះក៏មានមនុស្សនៅក្នុងនោះដែរ។ រីឯ លោក Thomas White ប្រធានទទួលបន្ទុកកិច្ចការតំបន់ហ្គាហ្សានៃទីភ្នាក់ងារផ្តល់ជំនួយរបស់ UN ក៏បានឲ្យដឹងដែរថា រថក្រោះចំនួន២គ្រឿងបានវាយលុកអគារមួយដែលមានអ្នកភៀសខ្លួនប្រហែល ៨០០នាក់កំពុងស្នាក់នៅ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ថា «យើងមិនសប្បាយចិត្តនឹងការវាយប្រហារលើមជ្ឈមណ្ឌលបណ្តុះបណ្តាលក្នុងទីក្រុង Khan Younis របស់ UN នោះទេ។ ជនស៉ីវិលត្រូវតែទទួលបានការការពារ ហើយបេសកម្មការងាររបស់ UN ត្រូវតែទទួលបានការគោរព និងត្រូវតែការពារក្រុមការងារផ្តល់ជំនួយ ដូច្នេះទើបពួកគេអាចបន្តសកម្មភាពសង្គ្រោះជនស៉ីវិលបាន»។
ដំបូងឡើយ ខាងយោធាអ៉ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកថា តំបន់ក្នុងទីក្រុង Khan Younis ជាមូលដ្ឋានរបស់ក្រុមហាម៉ាស់ ហើយទទួលស្គាល់ថាមានការប្រយុទ្ធគ្នានៅក្បែរកន្លែងជនស៉ីវិលរស់នៅច្រើន។ នៅក្នុងសេចក្តីថ្លែងការណ៍ទីពីរក្រោយការរិះគន់របស់ទីក្រុងវ៉ាស៊ីនតោន យោធាអ៉ីស្រាអែលបានស្នើឱ្យមានការពិនិត្យប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន និងបានច្រានចោលថា កងកម្លាំងរបស់ខ្លួនបានវាយលុកលើភាគកណ្តាល ដោយបន្ថែមថា ខ្លួនកំពុងពិនិត្យមើលលទ្ធភាពដែលអាចថាជាការបាញ់ផ្លោងរបស់ក្រុមហាម៉ាស់។
ភាគច្រើននៃប្រជាជនចំនួន ២.៣លាននាក់នៅតំបន់ហ្គាហ្សា ត្រូវបង្ខំចិត្តចាកចេញទៅទីក្រុង Khan Younis និងទីប្រជុំជននៅភាគខាងជើង ក៏ដូចជាភាគខាងត្បូង ខណៈដែលក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៉ីស្រាអែលបានកាត់ផ្តាច់និងឡោមព័ទ្ធមន្ទីរពេទ្យសំខាន់ៗក្នុងទីក្រុងហ្គាហ្សា ដែលធ្វើឱ្យក្រុមសង្គ្រោះមិនអាចចូលទៅជួយអ្នករងរបួសឬស្លាប់។ ចាប់តាំងពីអ៉ីស្រាអែលបើកសង្រ្គាមជើងគោក ក្នុងតំបន់ហ្គាហ្សា កាលពីចុងខែតុលាមក ទីក្រុងវ៉ាស៊ីនតោនបានបង្កើនការព្រួយបារម្ភ និងស្នើសុំព័ត៌មានពីអ៉ីស្រាអែលរាល់ពេលមានឧប្បត្តិហេតុនានា ប៉ុន្តែកម្រនឹងធ្វើការរិះគន់ដោយបើកចំហបែបនេះណាស់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ