ភ្នំពេញៈ សម្ដេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា អ្នកសារព័ត៌មានត្រូវបានការពារដោយច្បាប់ ប្រសិនបើបំពេញការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវនោះ និងគ្មានការគំរាមគំហែង។

សម្តេចធិបតីហ៊ុន ម៉ាណែត បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នារក្សាតម្លៃនិងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសរៀងការបង្កើតព័ត៌មានក្លែងក្លាយសម្រាប់កៀបសង្កត់គេ ដើម្បីជៀសវាងការប្ដឹងផ្ដល់គ្នាទៅដល់តុលាការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ ដើម្បីបង្កើត និងរក្សាថែរក្សាតម្លៃនៃវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើសិនជាស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអ្វីក៏អនុវត្ដ នោះហើយនឹងបាត់តម្លៃ ដោយមិនមានអ្នកណាទទួលស្គាល់ និងគ្មានអ្នកណាដឹងថា ព័ត៌មាននេះ យកជាការបានឬអត់ ដោយមិនដឹងថា ជាការពិត ឬក៏មិនមែនជាការពិត។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីថែរក្សាតម្លៃរួម របស់វិស័យព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវរួមគ្នា ដើម្បីទប់ស្កាត់អ្នកមួយចំនួនតូច កុំឲ្យប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា បច្ចុប្បន្ននេះ សារព័ត៌មានកម្ពុជា បានរីកចម្រើនខ្លាំង បើតាមទិន្នន័យអ្នកចុះ និងអ្នកមិនចុះឈ្មោះ មានជិត១ម៉ឺននាក់ ដោយក្នុងនោះ ភាគច្រើនបានធ្វើការល្អ ហើយភាគច្រើន បានប្រពឹ្រត្ដតាមក្រមសីលធម៌ និងអនុវត្ដឲ្យទទួលខុសត្រូវ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *