ទីក្រុង​ប៉ារីស​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នាព្រឹកថ្ងៃចន្ទ ទី១៥ មករា ២០២៤ ចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល​ និងរៀបចំដោយសភាពាណិជ្ជកម្ពុជា​ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
សូមជម្រាបថា​ បណ្តាក្រុមហ៊ុនជិត​ ១១០​ ក្រុមហ៊ុន​ បានមកជួបជុំគ្នា​ ដោយក្នុងនោះក្រុមហ៊ុន​ចំនួន ៨០​ មកពីប្រទេសបារាំង​ និង​ក្រុមចំនួន​ ៣០​ មកពីប្រទេសកម្ពុជា​ ដេីម្បីនឹងធ្វេីការផ្លាស់ប្តូរទំនាក់ទំនង​ ពង្រីកឱកាស​ និងសិក្សាស្វែងយល់​ ពិសេស បង្កេីតឱកាសវិនិយោគនៅកម្ពុជា។
វេទិកាធុរកិច្ចនេះ នឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។ វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់ កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ ។
ជាមួយគ្នានេះ​ នៅថ្ងៃដដែល​នេះ​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានជួបជាមួយ លោក Philippe DELLEUR, អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom​ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។
គួរបញ្ជាក់ថា​ ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំងដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *