សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញក្រឹត្យមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងអនុញ្ញាតឱ្យជនបរទេសដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ីនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៉ីសម្រាប់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។
បទបញ្ជានេះមានខ្លឹមសារថា អ្នកដែលបានចុះកុងត្រាចូលរួមធ្វើ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនដោយយ៉ាងហោចណាស់បាន១ឆ្នាំ អាចដាក់ពាក្យសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសារ។ ការអនុវត្តនេះមានតែចំពោះអ្នកដែលបានចុះកុងត្រាជាមួយកងកម្លាំងប្រដាប់អាវុធទូទៅ ឬក្រុមយោធាផ្សេងទៀត ដូចជាក្រុមទាហានស៊ីឈ្នួល Wagner ជាដើម។ វិធានការនេះទំនងជាមានគោលបំណងបង្កើតការលើកទឹកចិត្ត សម្រាប់ជនបរទេសដែលធ្លាប់មានបទពិសោធន៍ផ្នែកយោធា ឱ្យមកចូលរួមក្នុងជួរទាហានរុស្ស៉ីថែមទៀត ។
មូស្គូមិនបានផ្សព្វផ្សាយពីទិន្នន័យនៃចំនួនជនបរទេសដែលកំពុងប្រយុទ្ធដើម្បីរុស្ស៉ីនៅអ៊ុយក្រែននោះទេ។ តែបើតាមសេចក្តីរាយការណ៍របស់ Reuters កន្លងមក ជនជាតិគុយបាបានចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពរុស្ស៉ី ជាថ្នូរនឹងប្រាក់រង្វាន់ដែលមានចំនួនច្រើនជាង ១០០ដងនៃប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំខែ នៅឯគុយបា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *