ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះ-ឈ្នះ។
សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖
-សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ថា​ មេដឹកនាំកម្ពុជាឆ្លើយតបទៅកាន់ក្រុមប្រឆាំងថា វិមានឈ្នះ ឈ្នះ សាងសង់ឡើង ជានិមិត្តរូបនៃខ្មែរទាំងអស់គ្នា សង់ឡើងជានិមិត្តរូបនៃសន្តិភាព សាងសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា មិនមែនដើម្បីលើកតម្កើងសម្ដេចតេជោ ហ៊ុន សែនឡើយ។
-សម្ដេចធិបតី​ ថ្លែង​ថា​ ភាពជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺទទួលបានផលប្រយោជន៍ទាំងអស់គ្នា រួមទាំងអ្នករិះគន់ផងដែរ។
-សម្ដេចធិបតី​ ថ្លែងថា វិមានឈ្នះ ឈ្នះ សាងសង់ឡើងមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណាទេ វិមានឈ្នះ ឈ្នះ សាងសង់ឡើងទុកជាតឹកតាងប្រវត្តិសាស្ត្រឱ្យក្មេងជំនាន់ក្រោយបានយល់ដឹងពីប្រវត្តិសាស្ត្រ។
-សម្ដេចធិបតី​ ថ្លែង​ថា នៅកម្ពុជាបញ្ចប់សង្គ្រាមដោយឈ្នះ ទាំងសងខាង ខុសពីប្រទេសមួយចំនួននៅតំបន់អាស៊ានដែលបញ្ចប់សង្គ្រាមទៅដោយអ្នកឈ្នះ ឈ្នះទាំងស្រុង ឯអ្នកចាញ់ ចាញ់រហូតខ្ទេចខ្ទី។
-សម្ដេច​ធិបតី​ ថ្លែង​ថា ផលវិជ្ជមាននៃសន្តិភាពអាចវាស់វែងបាន តែផលអវិជ្ជមានដែលកើតមានដោយសារសង្គ្រាមមិនទាន់ចប់ គឺមិនអាចវាស់វែងបានឡើយ។
-សម្តេចធិបតី ថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ ទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការកសាងសង់នូវវិមានឈ្នះ ឈ្នះ ខណៈការចំណាយទាំងនេះគឺជាការបង្ហាញនូវការសាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌល សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជា ទុកដល់កូនចៅជំនាន់ក្រោយ។
-សម្ដេចធិបតី​ ថ្លែង​ថា ក្រោយការបញ្ចប់សង្គ្រាម នាំឱ្យកម្ពុជាបានរួមចំណែកក្នុងការពង្រឹងសន្តិភាពក្នុងតំបន់ និងបានចូលរួមចំណែកដោះស្រាយកិច្ចការក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
-សម្តេចធិបតី ថ្លែងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នា គ្រប់ជំនាន់ចង់ចាំនូវតម្លៃសន្តិភាព តថភាពពិតប្រាកដ របស់កម្ពុជា ហើយក៏បង្ហាញនូវនិមិត្តរូបនៃសន្តិភាពរបស់កម្ពុជាឲ្យ​ស្ថិតស្ថេរ​ជារៀងរហូតទៅផងដែរ។
-សម្តេចធិបតី ថ្លែងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ មិនមែនសាងសង់ឡើងដើម្បីសម្រាប់ទុកនូវប្រវត្តិសាស្រ្តបុគ្គលណាម្នាក់នោះទេ មិនមែនធ្វើឡើងសម្រាប់តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ គឺធ្វើឡើងដើម្បីជាការបង្ហាញ និងទុកជាតឹកតាងនូវប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជាដែលបានកើតឡើងពីអតីតកាល សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗទៀតបានដឹង។
-សម្តេចធិបតី ថ្លែងថា នយោបាយឈ្នះ ឈ្នះ បានជោគជ័យរហូតដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានការចូលរួមរបស់ប្រតិបត្តិករស្នូល ប្រតិបត្តិករផ្សេងទៀតរួមទាំងប្រជាពលរដ្ឋផងដែរ។
-សម្ដេចធិបតី អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមថែរក្សាសន្តិភាពដែលរកបានដោយកម្រ ដើម្បីសន្តិភាពយូរអង្វែង។
សូមជម្រាបជូនថា​ រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៣នេះ​ បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ​នៃ នយោ​បាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ – ២៩ ធ្នូ ២០២៣) នៅទីតាំ​ង​វិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់​ពិធី​ឆ្លងឆ្នាំសកលឆ្នាំ២០២៤។
ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ​អនុវត្ត​ប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ជាការចងចាំនូវការបញ្ចប់​សង្គ្រាម​ស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិ​ពេញ​លេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។
ការរៀបចំព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ ដែល​ជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭកដល់វីរភាព និងគុណតម្លៃ​នៃនយោបាយ​ឈ្នះ-ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាព និងជាការបង្កើន​ការ​យល់​ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការ​បន្តថែរក្សា​ស្ថិរ​ភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *