ភ្នំពេញ៖ បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនត្រូវ​បានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងភាគីមិត្តចិនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយរៀបចំក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតដោយកូវីដ-១៩ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោកស្រី​បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានរាយការណ៍ពីសកម្មភាពនិងកិច្ចសហការយ៉ាងល្អជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដើម្បីសម្រួលដល់ការសិក្សារបស់សាធារណជនស្វែងយល់ពីបញ្ហាគ្រឿងញៀន។
ក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកោតសរសើរដល់កិច្ចខំរៀបចំបាននូវបណ្ណាល័យ និងអរគុណដល់ភាគីមិត្តចិនដែលផ្តល់អំណោយរៀបចំបាននូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានដាក់ចូលបញ្ហាគ្រឿងញៀនជាស្នូល ក្នុងនោះការងារផ្សព្វផ្សាយអប់រំជាអាទិភាពដើម្បីបញ្ចូនសារចំណេះដឹងដល់សាធារណជន ពិសេសយុវជនកុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន “យុវជនល្អមានសមត្ថភាព ប្រទេសអភិវឌ្ឍលឿន “។
លោក ចាង ឈាង (Mr.CHANG JIAN)អនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា “យុវជនខ្លាំង ប្រទេសខ្លាំង ” យើងត្រូវបង្កើនការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឱ្យពួកគាត់ចៀសចាកផុតពីបញ្ហាគ្រឿងញៀន ជឿជាក់ថា សាធារណជន​អាចធ្វេីការងារស្រាវជ្រាវដើម្បីយល់ដឹងហេីយចៀសចាកផុតពីបញ្ហាគ្រឿងញៀន ។ ចិនបន្តអនុវត្តគោលការណ៍​ជួយគ្នាទៅវិញទៅមកនិងជួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនាមជាមិត្តភាពគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា នឹងរដ្ឋាភិបាលចិន នៃទម្រង់មិត្តភាពត្បូងពេជ្រ ។
ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ លោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងកោតសរសើរនិង ថ្លែងអំណរគុណដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្តនៃគោលការណ៍មិត្តភាពគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជានឹងរដ្ឋាភិបាលចិនក្នុងទម្រង់មិត្តភាពត្បូងពេជ្រ ពិតជាធ្វើឱ្យកម្ពុជា-ចិនមានពន្លឺរស្មីឆោមពណ៌ដូចគ្រាប់ពេជ្រ និងមានតម្លៃថ្លៃថ្លា ហើយបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះពិតជាថ្នាលពង្រឹងចំណេះដឹងចូលរួមបង្ការទប់ស្កាត់​ កាត់បន្ថយបានបញ្ហាបង្កឡេីងដោយគ្រឿងញៀន​ ការពារបាននូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិស្របតាមគោលដៅអភិវឌ្ឍន៍ជាតិកម្ពុជា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *