ភ្នំពេញ៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ថា៖​ ផលត្រីឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥% ដោយសារការសហ​ការ​បង្ការ​និង​បង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងប្រកប​ដោយការទទួល​ខុសត្រូវ​ខ្ពស់។​ ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រីក្រសួងកសិកម្ម នាឱកាស​អញ្ជើញ​ចុះពិនិត្យ​ការប្រមូល​ផល​ត្រីប្រហុក​នៅដាយត្រី កាលពីថ្ងៃទី១៩ ខែធ្នូម្សិលមិញនេះ​ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល​។

នាឱកាសនោះ​ លោករដ្ឋមន្ត្រី​ បានសម្តែងនូវសាទរចំពោះផលត្រីដែលមានការកើនឡើង ហើយប្រជាពលរដ្ឋ​កាន់​តែសប្បាយចិត្តក្នុងទិញធ្វើប្រហុកបានកាន់តែច្រើន។​ផលត្រីដែល​ប្រមូលបានជាប្រភេទត្រី​ប្រហុក ហើយភាគច្រើននៅដើមដៃនេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០%ត្រីចម្រុះ។ ចំពោះស្តង់ដានៃការកែច្នៃ​ប្រហុកវិញ គឺត្រូវគោរពតាមគោលការណ៍ភូត​គាម​អនាម័យ (SPS) សម្រាប់ផ្នែកបច្ចេកទេស និងស្តង់ដាទីផ្សារនាំចេញ។ 

លោក​ ឌិត​ ទីណា​ បានថ្លែង​បញ្ជាក់ថា ការធ្វើប្រហុក រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋ​ភាគច្រើន​នៅតែបន្តធ្វើប្រហុកតាមបែបប្រពៃណី​សម្រាប់ការប្រើប្រាស់ប្រចាំ​គ្រួសារ។​ រីឯ​សហ​គ្រិន​ខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួតតាមតម្រូវការទីផ្សារ ហើយបច្ចុប្បន្ន​កំពុង​ស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាព ដើម្បីបង្កើន​ទំនុកចិត្ត និងតម្លៃបន្ថែម​សម្រាប់​ការនាំចេញ។ លើសពីនេះទៀត ក្រសួងបានចាប់ផ្តើមសាកល្បងឱ្យមានការប្រកួតប្រជែង​ការ​កែច្នៃប្រហុកឆ្ងាញ់កាលពីឆ្នាំកន្លងទៅ ដោយមានការគាំទ្រពីក្រុមហ៊ុន Conferel ហើយនឹង​បន្តធ្វើបន្ថែមទៀត។

គួរជម្រាបជូនថា រដូវបើកនេសាទគន្លងដាយត្រី ចាប់ផ្ដើមពីខែតុលា ដល់ខែកុម្ភៈ តែផែ្អក​លើស្ថានភាពទឹកនៅបឹងទន្លេសាប។ បើគ្មានព្យុះ និងមេឃស្រឡះ គន្លងដាយ​ត្រី​អាចប្រមូល​ផលត្រីបានច្រើនចាប់ពីខែធ្នូ ដល់ខែមករា ហើយជាទូទៅក្នុងពេលខែខ្នើត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *