ខេត្តកំពង់ស្ពឺ៖ កាលព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានអញ្ញើញជួបសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A នៃខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត លោកនាយក នាយិកាវិទ្យាល័យទាំង២៥ លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ក្រុមគ្រួសារ ស.ស.យ.ក. និងប្អូនៗសិស្សានុសិស្សសរុបចំនួន ២៥០ នាក់ ។
ឱកាសនោះលោក ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត ប្អូនៗ សិស្សនិទ្ទេសAទាំង១៧រូបដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនាព្រឹកនេះ។ ទន្ទឹមនេះលោកបានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉ន ដែលបានខិតខំប្រឹង ប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ជា ពិសេសអំឡុងពេលឈប់សម្រាក ដើម្បីបង្រៀនប្អូនៗបន្ថែម និងអបអរសាទរចំពោះប្អូនៗដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេសAទាំង១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការរៀប ចំឱ្យមានវគ្គបំប៉នគឺជាកត្តាគួបផ្សំមួយផ្នែកដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀនជាប្រចាំមកហើយ និងគួបផ្សំជាមួយការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗផ្ទាល់ ទើបទទួលបានលទ្ធផលល្អដូចពេលនេះ ហើយជោគជ័យរបស់ប្អូនៗ គឺជាជោគជ័យរួមរបស់ខេត្តកំពង់ស្ពឺទាំងមូល មិនមែនត្រឹមតែលើកកិត្តិយសមុខមាត់សាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ។
ជាមួយនឹងការអបអរសាទរចំពោះប្អូនៗដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិលោក ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់ប្អូនៗដែលមិនបានទទួលលទ្ធផលល្អក្នុងការប្រឡង ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលបានជោគជ័យ និងលទ្ធផលល្អនាពេលអនាគតផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *