សារព័ត៌មាន AFP បានផ្សាយថា កងកម្លាំងម៉ារីនជប៉ុន នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបានដឹកនាំការធ្វើសមយុទ្ធយោធានៅលើដែនកោះមួយស្ថិតនៅតាមបណ្ដោយឆ្នេរនៃសមុទ្រចិនខាងកើត ជាការហាត់សមវាយប្រហារបណ្ដេញកងទ័ពសត្រូវចេញពីទឹកដីរបស់ខ្លួន ហើយដែលដែនកោះនេះត្រូវបានទីក្រុងតូក្យូមើលឃើញថាងាយរងគ្រោះនឹងការវាយប្រហារពីសំណាក់ចិន។
នៅចំពោះមុខភាពតានតឹងជាមួយចិន រុស្ស៉ី និងកូរ៉េខាងជើង ជប៉ុនបានធ្វើសមយុទ្ធមួយនៅលើកោះ Tokunoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ក្រោមក្របខ័ណ្ឌនៃការធ្វើសមយុទ្ធយោធារយៈពេល១១ថ្ងៃ នៅទូទាំងប្រទេសមានឈ្មោះ «05JX»។ សមយុទ្ធនេះមានគោលដៅបង្ហោញពីការត្រៀមលក្ខណៈទាំងជើងគោក ជើងអាកាស និងជើងទឹក ដើម្បីការពារទឹកដីនិងហេដ្ឋារចនាសម្ព័ន្ធក្នុងនោះរួមមានទាំងរោងចក្រថាមពលនុយក្លេអ៊ែរផងដែរ។
ការធ្វើសមយុទ្ធយោធារបស់ជប៉ុន ជាពិសេសគឺជាមួយសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងមានការកើនឡើងនៅប៉ុន្មានឆ្នាំទៅមុខ ក្រោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអុ គីស៊ីដា កាលពីខែធ្នូ ឆ្នាំ២០២២ បានប្រកាសពីផែនការបង្កើនកញ្ចប់ថវិកាយោធាដ៏ធំមិនធ្លាប់មានចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក។ រដ្ឋាភិបាលលោក គីស៊ីដា មានផែនការចំណាយកញ្ចប់ថវិកាយោធា ៤៣.៥ទ្រីលានយ៉េន ឬស្មើនឹងជាង ២៩០ពាន់លានដុល្លារ ដោយផ្ដោតជាពិសេសលើការអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយ។ ប៉ុន្តែការធ្លាក់ចុះតម្លៃប្រាក់យ៉េន ក្នុងឆ្នាំ២០២៣នេះ បានបង្ខំឱ្យជប៉ុនកាត់បន្ថយផែនការចំណាយមួយចំនួន ក្នុងនោះរួមមានទាំងការទិញឧទ្ធម្ភាគចក្រ Chinook ផលិតដោយសហរដ្ឋអាមេរិកផងដែរ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ