ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតគ្រាប់ពូជចំណាត់ថ្នាក់ចុះបញ្ជី ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ផលិតពូជស្រូវ និងក្រុមហ៊ុន សម្រាប់ផលិតជាគ្រាប់ពូជវិញ្ញាបនបត្របន្ត។

នៅលើបណ្តាញសង្គមហ្វេសប៊ុក ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងកសិកម្ម បានឲ្យដឹងថា នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ កសិដ្ឋានទួលសំរោងកំពុងផលិតពូជស្រូវផ្ការំដួលចំនួន១៧២ហិកតា និងសែនក្រអូប០១ ចំនួន៤០ហិកតា។ ការផលិតគ្រាប់ពូជចុះបញ្ជីនេះ កសិដ្ឋានបានទទួលគ្រាប់ពូជគ្រឹះពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ តាមរយៈការលូតលាស់របស់ដំណាំស្រូវក្នុងឆ្នាំនេះ កសិដ្ឋានអាចមានលទ្ធភាពផលិតបានគ្រាប់ពូជចុះបញ្ជីប្រភេទផ្ការំដួលប្រមាណ៦០០តោន និងសែនក្រអូប០១ ប្រមាណ១៦០តោន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់សហគមន៍ផលិតពូជស្រូវ និងក្រុមហ៊ុនផលិតពូជ ដែលមានបំណងផលិតគ្រាប់ពូជវិញ្ញាបនបត្រ ប្រភេទផ្ការំដួល និងសែនក្រអូប០១ សូមទៅទិញគ្រាប់ពូជចុះបញ្ជីនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលជាធម្មតាមានតម្លៃ ៤០០០រៀល/គីឡូក្រាម និងលក់ជូនត្រឹមតម្លៃ ២៥០០រៀល/គីឡូក្រាមប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការផលិតគ្រាប់ពូជចុះបញ្ជីនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាការផលិតដែលត្រឹមត្រូវតាមបច្ចេកទេស និងទទួលការត្រួតពិនិត្យ និងបញ្ជាក់គុណភាពត្រឹមត្រូវពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ធល្អ នឹងជួយជួយប្រជាកសិករឲ្យទទួលបានទិន្នផលស្រូវសុទ្ធ លក់បានថ្លៃ និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំកសិកម្មដែលពុំចាំបាច់មួយចំនួនថែមទៀត៕ srn / N

By admin

Leave a Reply

Your email address will not be published. Required fields are marked *