ភ្នំពេញ : ផ្លូវអាស៊ានហាយវេលេខ១ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រម្លឹកថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល ៥៥ខែ។ ផ្លូវនេះ ជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) ដោយបានចំណាយថវិការសាងសង់ក្នុងទំហំទឹកប្រាក់គម្រោង ប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក សាងសង់ឡើងដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងក្រុមហ៊ុនសម្ព័ន្ធ ក្រុមហ៊ុន Daiho-Asanuma JV និងធ្វើការត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ។

ផ្លូវជាតិលេខ ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវមួយនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។

ផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។

គួរបញ្ជាក់ដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) គឺមានប្រវែងផ្លូវ ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម ខេត្តកណ្ដា និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកចេញជា ៣ កំណាត់ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)៕c post

By admin

Leave a Reply

Your email address will not be published. Required fields are marked *