ដោយៈសុផល/ខេត្តព្រះវិហារ៖ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ រឹតតែងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ ដោយសារតែមានការ​បំពាក់ស្លាកសញ្ញាប្រាប់ទិសតាមគោលដៅ និងផ្លូវឡើងទៅកំពូលភ្នំ។

វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរទៅតាមគោលដៅ កន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូលនៃតំបន់ការពារធម្មជាតិបេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួល​បានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ “គំនិតផ្តួចផ្តើមនៃការបំពាក់ស្លាកសញ្ញា និង ទិសដៅ​ទេសចរណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយ ក៏ដូចជាគាំទ្រដល់វិស័យទេសចរណ៍ក្នុងតំបន់សហគមន៍តាំងយូរ តាមរយៈការផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៍អំពីទិសដៅកំសាន្ត និង រយៈចំងាយនៃការធ្វើដំណើរឡើងទៅកាន់តំបន់ធម្មជាតិតាំងយូរនៃភ្នំត្បែងមានជ័យ និងជាការឆ្លើយតបនៃតម្រូវការ​ជាក់​ស្តែង ​របស់សហគមន៍”។

លោក ចាន់ វណ្ណូ ប្រធានគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា៖ «តាងនាមឱ្យសហគមន៍តាំងយូរ យើងខ្ញុំសូមថ្លែងអំណរគុណ និង​ពិតជា​មាន​សេចក្តីរីករាយជាខ្លាំងដែលទទួលបានការឧបត្ថម្ភគាំទ្រពីវីតាល់ និងមូលនិធិ២៥រៀល ចំពោះការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស ដៅ​ជាច្រើនសន្លឹកនៅ​សហ​គ​មន៍យើងខ្ញុំ ពីព្រោះសហគមន៍ពិតជាចង់បានស្លាកសញ្ញាដែលមានការរចនាប្រកបដោយសោភ័ណភាពនិងភាពរឹងមាំ ដែលអាចជាគុណប្រយោជន៍ដល់អ្នកដំណើរ និងភ្ញៀវ​ទេសចរណ៍ក្នុងការអញ្ជើញមកកម្សាន្តនៅសហគមន៍យើងខ្ញុំ”។

ក្នុងគម្រោងនេះ វីតាល់ និងមូលនិធិ២៥រៀល បានចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំចំណត ឈប់សម្រាក ស្លាកសញ្ញាប្រាប់ទិសដៅ និងស្លាកសញ្ញាចម្ងាយផ្លូវ​ពីជើង​ភ្នំ​ឡើងដល់ចំណតចុងក្រោយនៃតំបន់ការពារធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសារបស់ប្រជាជនខ្មែរ ដែលមានគុណភាពខ្ពស់ និងអនុលោកស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ដែលបានឆ្លងកាត់ដំណាក់កាលបន្សុទ្ធដោយប្រើប្រាស់ប្រព័ន្ធបន្សុទ្ធទឹកយ៉ាងទំនើបពីប្រទេសអាល្លឺម៉ង់ ដែលធានាបាននូវគុណភាព ហើយក៏ជាជម្រើស​ដ៏ស័ក្តិសម​បំផុត​សម្រាប់គ្រប់កាលៈទេសៈ៕Ph

By admin

Leave a Reply

Your email address will not be published. Required fields are marked *