វៀតណាម៖ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣បានឱ្យដឹងថា គណបក្សកុម្មុយនិស្តវៀតណាមបានសម្រេចជ្រើសតាំង លោក វ៉ូ វ៉ាន់ធួង (Vo Van Thuong) ជាប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម ក្រោយការលាលែងពីតំណែងរបស់ប្រធានាធិបតីមុនលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) កាលពីខែមករាកន្លងទៅ ចំពោះមុខយុទ្ធនាការបោសសំអាតអំពើពុករលួយ(ដែលដឹកនាំបញ្ជាដោយលោកង្វៀងភូទ្រុង)។a presiden vn1
នៅថ្ងៃពុធនេះ រដ្ឋាភិបាលនិងគណបក្សកុម្មុយនិស្តវៀតណាម បានប្រកាសថា គណៈកម្មាធិការមជ្ឈិមរបស់បក្ស បានឯកភាពគ្នាលើការជ្រើសតាំងប្រធានាធិបតីថ្មី ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះឡើយ។ តែមាន ប្រភពចំនួន២ ចេញពីក្នុងគណបក្សកុម្មុយនិស្តវៀតណាមផ្ទាល់ បានអះអាងថា បេក្ខជនប្រធានាធិបតីថ្មីនោះ គឺលោក វ៉ូ វ៉ាន់ធួង។ លោក ធួង មានអាយុ៥២ឆ្នាំ ជាសមាជិកវ័យក្មេងជាងគេបង្អស់ នៅក្នុងការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់បក្ស និងត្រូវបានចាត់ទុកជា មនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអគ្គលេខាធិការបក្សគឺលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ដែលជាបុគ្គលមានអំណាចបំផុតនៅក្នុងប្រទេសវៀតណាម។
លោក ង្វៀន ភូទ្រុង គឺជាអ្នកផ្តួចផ្តើមឡើងនូវយុទ្ធនាការបោសសំអាតអំពើពុករលួយដ៏តឹងរ៉ឹង ដែលកន្លងមកនេះបានមើលឃើញមន្ត្រីវៀតណាមខ្ទង់រាប់រយនាក់ ត្រូវប្រឈមការស៉ើបអង្កេតនិងទទួលពិន័យ ខណៈជាច្រើននាក់បានបាត់អស់តំណែង ដែលក្នុងនោះរួមមានទាំង អតីតប្រធានាធិបតីលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ហើយនិងអតីតឧបនាយករដ្ឋមន្ត្រី២រូបផងដែរ។បន្ទាប់ពីមានកាសេម្រេចពីគណបក្ស ការជ្រើសតាំងលោក វ៉ូ វ៉ាន់ធួង នឹងត្រូវឆ្លងកាត់ការបោះឆ្នោតអនុម័តជាផ្លូវការ(ជាពិធីការ) ដោយសភាវៀតណាម ដែលនឹងត្រូវបើកកិច្ចប្រជុំវិសាមញ្ញមួយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។នៅក្នុងប្រទេសវៀតណាមដែលប្រកាសថាជាប្រទេសសង្គមនិយមគ្រប់គ្រងឯកបក្ស ប្រធានាធិបតីមានតួនាទីជាប្រមុខរដ្ឋ ។ តំណែងនេះស្ថិតក្នុងចំណោម មុខតំណែងនយោបាយកំពូលៗទាំង៤ របស់ប្រទេសវៀតណាម ដោយមុខតំណែងសំខាន់៣ទៀតគឺ អគ្គលេខាធិការបក្សកុម្មុយនិស្ត នាយករដ្ឋមន្ត្រី ហើយនិងប្រធានសភា៕