សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤បានផ្សាយថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយដោយសម្ងាត់ទៅឱ្យអ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ហើយកងទ័ពអ៊ុយក្រែនក៏បានប្រើមីស៊ីលនេះចំនួន២លើកមកហើយដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ខាងលើត្រូវបានបញ្ចូនទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាទំហំ ៣០០លានដុល្លារដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ។ មន្ត្រីរូបនេះដដែលមិនបានបញ្ជាក់ថា តើមានមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានប្រគល់ឱ្យទីក្រុងកៀវនោះទេ។ ប៉ុន្តែទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានទទួលស្គាល់ក្នុងសន្និសីទសារព័ត៌មានខ្លីមួយប្រាប់អ្នកសារព័ត៌មានថា មីស៊ីលក្នុង ចំនួនដ៏សំខាន់ត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែន ហើយថាសហរដ្ឋអាមេរិកនឹងបញ្ជូនឱ្យបន្ថែមទៀត។
យ៉ាងណាក៏ដោយ បើតាមលោក Jake Sullivan អ៊ុយក្រែនបានសន្យាថានឹងប្រើប្រាស់មីស៊ីលនេះនៅក្នុងទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ពោលនឹងមិនប្រើក្នុងការវាយប្រហារចូលក្នុងទឹកដីរុស្ស៉ីឡើយ ហើយលោកក៏បានបន្ថែមដែរថា មីស៊ីលមួយចំនួនស្ថិតនៅក្រោមកញ្ចប់ជំនួយយោធាទំហំ១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដែលលោកប្រធានាធិបតី បៃដិន អនុម័តកាលពីថ្ងៃពុធ ទី២៤ ខែមេសានេះ។
គួរបញ្ជាក់ថា អ៊ុយក្រែនត្រូវបានរាយការណ៍ថា បានប្រើមីស៊ីល ATACMS ជាលើកដំបូងកាលពីថ្ងៃទី១៧ ខែមេសា ដោយបាញ់លើព្រលានយន្ដហោះមួយរបស់រុស្ស៉ីក្នុងតំបន់គ្រីមៀ ដែលស្ថិតនៅចម្ងាយ១៦៥គីឡូម៉ែត្រពីសមរភូមិមុខនៅអ៊ុយក្រែន។ ចំណែក ការប្រើប្រាស់លើកទី២ធ្វើឡើងក្នុងយប់ថ្ងៃដដែលប្រឆាំងនឹងកងកម្លាំងរុស្ស៉ីស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ ATACMS គឺជាប្រភេទមីស៊ីលបាញ់បានចម្ងាយ៣០០គីឡូម៉ែត្រ អាស្រ័យលើការកំណត់ចម្ងាយបាញ់ ហើយមីស៊ីលប្រភេទនេះក្នុងរយៈចម្ងាយមធ្យម ត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនកាលពីខែកញ្ញា ឆ្នាំមុន។
កន្លងមក សហរដ្ឋអាមេរិកបានប្រឆាំងដាច់ខាតនឹងការប្រគល់មីស៊ីល ATACMS ឱ្យអ៊ុយក្រែន ដ្បិតបារម្ភខ្លាចពីការថយចុះអាវុធក្នុងឃ្លាំងដែលអាចនឹងប៉ះពាល់ដល់ការប្រុងជើងការរបស់យោធាអាមេរិក ហើយក៏បារម្ភផងដែរថា ទីក្រុងកៀវអាចនឹងប្រើមីស៊ីលនេះវាយប្រហារចូលក្នុងទឹកដីរុស្ស៉ីដែលអាចធ្វើឱ្យសង្រ្គាមរាលដាលកាន់តែធំ។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកបានអះអាងថា សហរដ្ឋអាមេរិកបានប្ដូរចិត្តប្រគល់មីស៊ីលនេះឱ្យអ៊ុយក្រែនវិញ ដោយសារតែកូរ៉េខាងជើងបានបញ្ជូនមីស៊ីលទៅឱ្យរុស្ស៉ីប្រើក្នុងសមរភូមិកាលពីខែធ្នូ ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ បើទោះជាមានការព្រមានទាំងជាសាធារណៈ និងលក្ខណៈឯកជនពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ៕ ដោយ៖ ធីរីណា