សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋាភិបាលថៃបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅខែមិថុនា ដែលជាការបោះឆ្នោតព្រឹទ្ធសភាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធាមួយទសវត្សរ៍មកនេះ។
ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីថៃ លោក Srita Thavisin បានគាំទ្រផែនការសម្រាប់ដំណើរការបោះឆ្នោតពហុដំណាក់កាលដ៏ស្មុគស្មាញនេះ។ លើសពីនេះ គណៈរដ្ឋមន្ត្រីក៏បានយល់ព្រមធ្វើប្រជាមតិ ដើម្បីសួរប្រជាជនថៃថា តើពួកគេនឹងគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលត្រូវបានគូរឡើងដោយរបបយោធា ដែលកាន់អំណាចកាលពីឆ្នាំ២០១៧ដែរឬទេ។
ព្រឹទ្ធសភាបច្ចុប្បន្នមានសមាជិកចំនួន២៥០រូប ដែលត្រូវបានតែងតាំងដោយរបបយោធា ដែលបានកាន់អំណាចក្នុងឆ្នាំ ២០១៤ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លទ្ធផលនៃការបោះឆ្នោតសកលកាលពីឆ្នាំមុន។
គណបក្ស Move Forward (MFP) បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងសភា ប៉ុន្តែមេដឹកនាំរបស់ខ្លួនគឺ លោក Pita Limjaroenrat ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែគាត់មិនបានប្រមូលការគាំទ្រគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភា។ អាស្រ័យហេតុនេះ លោក Srita មកពីគណបក្សភឿថៃដែលទទួលបានអាសនៈច្រើនជាងគេទីពីរបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សដែលមានទំនាក់ទំនងជាមួយយោធា។
នៅក្នុងដំណើរការនេះ សមាសភាពនៃសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) នឹងត្រូវបានសម្រួលមកត្រឹមចំនួន ២០០រូប ដែលនឹងត្រូវបានជ្រើសរើសពីក្រុមតំណាង២០វិស័យផ្សេងៗនៃសង្គម ដូចជា យុត្តិធម៌ ការអប់រំ សុខភាពសាធារណៈ ឧស្សាហកម្ម សិល្បៈ កីឡា មនុស្សចាស់ និងជនជាតិភាគតិចជាដើម។
ទោះយ៉ាងណាក៏ដោយ មានតែបេក្ខជនប្រជែងតំណែងសមាជិកព្រឹទ្ធសភាប៉ុណ្ណោះទើបមានសិទ្ធិចូលរួមក្នុងដំណើរការបោះឆ្នោតដែលនឹងធ្វើឡើងចំនួនបីជុំ គឺនៅថ្ងៃទី ៩ ខែមិថុនា ថ្ងៃទី ១៦ ខែមិថុនា និងថ្ងៃទី ២៦ ខែមិថុនា។
អ្នករិះគន់អះអាងថា វិធីសាស្ត្រនេះខ្វះគោលការណ៍ប្រជាធិបតេយ្យ ហើយធ្វើឱ្យដំណើរការស្មុគស្មាញដោយមិនចាំបាច់។ អ្នកនាំពាក្យរបស់គណៈបក្ស Move Forward លោក Parit Wacharasindhu បានថ្លែងប្រាប់ទីភ្នាក់ងារ AFP ថា «នេះមិនមែនជាការបោះឆ្នោតទេ ពីព្រោះសមាជិកព្រឹទ្ធសភា មិនបានមកដោយផ្ទាល់ពីសាធារណជនទេ»។ លទ្ធផលបោះឆ្នោតត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅថ្ងៃទី ២ ខែកក្កដា៕