ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៍មានពីទីភ្នាក់ងារ AKP បានចុះផ្សាយនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះថា៖ គោលដៅអេកូទេសចរណ៍ តាមព្រៃរនាម និងផ្ទៃបឹងទន្លេសាប គឺជាតំបន់គោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ មកទស្សនាកម្សាន្តលើផ្ទៃទឹក និងពពួកសត្វស្លាបកម្រ ដែលមានទីតាំងព្រំទឹកជាប់ក្រុងសៀមរាប ជាមួយស្រុកឯកភ្នំ នៃខេត្តបាត់ដំបង ក្នុងភូមិសាស្ត្រភូមិព្រែកទាល់ នៃស្រុកឯកភ្នំនៅតែជាទីទាក់ទាញភ្ញៀវទេសចរ ដ៏មានសក្តានុពល ។
បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋរស់នៅតាមតំបន់នោះ បានឱ្យដឹងថា តំបន់អេកូទេសចរណ៍ នៅក្នុងដែនទឹក ក្នុងភូមិព្រែកទាល់នេះ មានកត្តា៣សំខាន់ សម្រាប់បម្រើដល់ភ្ញៀវទេសចរមកទស្សនាកម្សាន្ត ក្នុងនោះមាន៖ ទស្សនាហ្វូងសត្វស្លាបចម្រុះ, ទស្សនាផ្ទះបណ្តែតទឹកអ្នកភូមិ, និងទស្សនាកន្លែងលក់សម្ភារអនុស្សាវរីយ៍ផ្សេងៗ ។
ជាមួយគ្នានោះ អ្នកដឹកភ្ញៀវតាមទូកម៉ាស៊ីន ពីក្រុងសៀមរាប មកភូមិព្រែកទាល់ លោក ហួន សុខ ក៏បានឱ្យដឹងដែរថា ក្នុងរយ:ពេល៤ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីកន្លងទៅ លោកបានសង្កេតឃើញថា នៅតំបន់អេកូទេសចរ ណ៍ព្រែកទាល់ ពុំសូវមានភ្ញៀវមកពីក្រុងបាត់ដំបងទេ ពីព្រោះពិបាកធ្វើដំណើរ គឺភាគច្រើនភ្ញៀវមកកំពង់ផែភ្នំក្រោម ក្រុងសៀមរាប ។ លោកបន្តថា តម្លៃទូកក្នុង១គ្រឿងជួលក្នុងតម្លៃ៥០ដុល្លារអាម៉េរិកសម្រាប់ទូកធំ ដែលអាចជិះបានជាង ១០នាក់ ។ រីឯទូកតូចមានតម្លៃ ៣០ដុល្លារអាម៉េរិក ជិះបានចន្លោះពី៨-៩នាក់ ។ ដោយធ្វើដំណើរចំណាយពេលប្រហែល១ម៉ោងប៉ុណ្ណោះពីកំពង់ផែភ្នំក្រោម ក្រុងសៀមរាប បើធៀបពីក្រុងបាត់ដំបង មកតំបន់ព្រែកទាល់ដូចគ្នា ត្រូវចំណាយពេលចន្លោះពី៥-៦ម៉ោងទើបដល់ ។
អ្នករត់ទូករូបនេះ បានបន្តថា ក្នុងរយ:ពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ លោកសង្កេតឃើញថា មិនសូវមានភ្ញៀវជាតិ ឬអន្តរជាតិ បានទិញវត្ថុអនុស្សាវរីយ៍ ដែលធ្វើដោយស្នាដៃខ្មែរនៅតំបន់នោះទេ ហាក់ម្នាក់ៗពុំសូវមានថវិកាក្នុងការចំណាយ ដែលធ្វើឱ្យអ្នកដែលបានធ្វើរបស់របរនោះ ប្រឈមនឹងជីវភាព ក្នុងនោះមាន កន្ត្រក, កាបូប, និងរបស់ប្រើប្រាស់ផ្សេងៗទៀត ដែលពួកគាត់ផលិតចេញពីដើមកំប្លោក ។
បន្ថែមពីនេះ លោក ក៏បានបញ្ជាក់ថា “ ឆ្នាំនេះអត់ដូចឆ្នាំមុន តាមខ្ញុំសង្កេត ភ្ញៀវអត់បានជួយទិញវត្ថុអនុស្សាវរីយ៍ផង ខ្ញុំហាក់មានចិត្តអាណិតដល់ក្រុមស្ត្រីនៅតំបន់នេះ ដែលពួកគាត់ខំយកដើមកំប្លោកមកច្នៃបានជារបស់របរយ៉ាងស្រស់ស្អាត តែអត់មានអ្នកជួយទិញ ធ្វើឱ្យពួកគាត់ប្រឈមនឹងជីវភាព ” ។
ដោយឡែកប្រធានអេកូទេសចរណ៍ លោក តុន ណៃ ក៏បានបង្ហាញរបាយការណ៍ អំពីចំនួនភ្ញៀវដែលធ្វើដំណើរទៅទស្សនានៅតំបន់នោះក្នុង រយ:ពេល៤ថ្ងៃ ដោយក្នុងនោះលោកបញ្ជាក់ថា ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា មានចំនួនភ្ញៀវសរុប ៩០នាក់ ទាំងភ្ញៀវក្នុង និងក្រៅស្រុក ។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា មានភ្ញៀវសរុបចំនួន ១២៥នាក់ ទាំងជាតិ និងអន្តរជាតិ ។ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា មានភ្ញៀវជាតិ អន្តរជាតិ សរុប ២៣៣នាក់ និងថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា មានភ្ញៀវសរុប១០៩នាក់ សរុបចំនួនភ្ញៀវទាំងក្នុង និងក្រៅស្រុក ទាំង៤ថ្ងៃមានចំនួន ៥៧២នាក់ ។
បេីតាមការបញ្ជាក់ពីអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឱ្យដឹងដែរថា ក្នុងរយ:ពេល៤ថ្ងៃ នៅតំបន់គោលដៅអេកូទេសចរណ៍ ព្រែកទាល់ មិនសូវមានភ្ញៀវពីក្រុងបាត់ដំបងទៅកម្សាន្តនៅតំបន់នោះទេ ដោយសារតែពួកគាត់ធ្វើដំណើរយូរម៉ោង ហើយម្យ៉ាងពួកគាត់កំពុងតែសប្បាយនៅក្នុងក្រុង ដែលមានការរៀបចំថ្មីៗផង ។ លោកបន្តថា ឆ្នាំនេះ និងឆ្នាំកន្លងទៅចំនួនភ្ញៀវដែលទៅកម្សាន្តនៅតំបន់បឹងទន្លេសាប វាប្រហាក់ប្រហែលគ្នា តែការកើនឡើងមានភាគរយតិចតួចប៉ុណ្ណោះ៕