ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់នគរបាលក្រុងប៉ៃលិននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤និង៣០ នាទីរសៀល កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនសហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ធ្វើការស្រាវជ្រាវនិងបង្ក្រាបករណីចោរលួចកាត់ខ្សែភ្លើង។
នគរបាលនៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា÷ មានករណី១កើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណ បានកាត់ខ្សែភ្លើង ( ខ្សែកាប្លិ៍អាលុយមីនីញ៉ូម ) ចំនួន១០បង្គោលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសាងសង់ SNKRP រាជធានីភ្នំពេញ ចាប់ពីចំណុចខាងលិចបន្ទាយប្រតិបត្តិការណ៍សឹករងខេត្តប៉ៃលិន ភូមិដីក្រហម រហូតដល់ចំណុចដីឡូត៍ខាងលិចផ្សារប៉ាងរលឹម ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រោយទទួលព័ត៌មាន កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះបង្ក្រាបជាក់ស្តែងករណីលួចខ្សែភ្លើង ដែលកើតឡើងក្នុងក្រុងប៉ៃលិន ហើយឮថាជនសង្ស័យបានយកទៅលក់នៅស្រុករតនមណ្ឌល ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរឈ្មោះដូចខាងក្រោម:
ទី១-ជនសង្ស័យឈ្មោះ ឡុង ហេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន (+) ។
ទី២ -ជនសង្ស័យឈ្មោះ ទន់ សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន (+) ។
ក្រោយពីកម្លាំងនគរបាលជំនាញក្រុងធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់ខាងលេី បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាត់ខ្សែភ្លេីង (ខ្សែកាប្លិ៍អាលុយមីនីញ៉ូម ) និងដឹកយកទៅលក់នៅកន្លែងលក់អេតចាយ ស្ថិតក្នុងភូមិឃុំខាងលើពិតប្រាកដមែន តែអ្នកទិញអេតចាយមិនទទួលទិញទេ ក៏នគរបាលទៅដល់ ។
សម្ភារវត្ថុតាងដែលដកហូតបានរួមមាន៖
១-ម៉ូតូម៉ាក HONDA ZOOMER-X ពណ៌ខៀវ ឆ្នាំ២០១៨ ចំនួន០១គ្រឿង ពាក់ផ្លាកលេខ ប៉ៃលិន 1B-3847 ។
២-ខ្សែភ្លើង ( ខ្សែកាប្លិ៍អាលុយមីនីញ៉ូម ) ចំនួន ០២ ការុង ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនមិនទាន់បានដាក់បណ្តឹងនៅឡើយទេ។
ករណីខាងលើនេះលោកអធិការក្រុងប៉ៃលិនស្នើសុំយោបល់លោកស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត៕