ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានជ្រាបថា ដើម្បីធានានិងរក្សាបាននូវធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែងនៃខេត្តពោធិ៍សាត់ឱ្យបានគង់វង្សដែលជាសម្បត្តិធម្មជាតិដ៏កម្ររបស់ជាតិ រដ្ឋបាលខេត្តពោធិ៍សាត់បាន បង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុក ទាំងពីរខាងលើ ព្រមទាំងបានចុះបង្ក្រាប ទប់ស្កាត់ជាច្រើនលើករួចមកហើយ និងមានវិធានការបន្តផ្សព្វផ្សាយណែនាំ ធ្វើកិច្ចសន្យាអប់រំ ចំពោះជនកាប់ព្រៃទន្ទ្រានយកដី និងអាស្រ័យផលខុសច្បាប់ ឬអ្នកស៊ីឈ្នួលកាប់ព្រៃឱ្យបញ្ឈប់ សកម្មភាព និងយល់ព្រមចាកចេញពីទីតាំងដែលខ្លួនបានកាប់ទន្ទ្រានយកដោយអនាធិបតេយ្យក្នុងរយៈពេលកន្លងមក។
ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិកើតមានសារជាថ្មី និងធានាឱ្យបាននូវការគ្រប់គ្រងថែ រក្សាទ្រព្យសម្បត្តិជាតិដ៏កម្រ ដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ មាត្រា៦១ មាត្រា៦២ ដែលបានចែងអំពីទោសប្បញ្ញត្តិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រគល់ភារកិច្ចការងារពាក់ព័ន្ធនឹង ការចុះបង្ក្រាប ការពារ ថែរក្សាធនធានធម្មជាតិដូចបានបញ្ជាក់ខាងលើ ជូនទៅកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ អាជ្ញាធរដែនដីថ្នាក់ស្រុក ឃុំ ភូមិ សហគមន៍នៅក្នុងមូលដ្ឋាននៃដែន សមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅក្នុងតំបន់នីមួយៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយប្រធានអនុគណៈកម្មការទាំង១០ក្រុម ដែលមានភ្ជាប់ជាមួយនូវផែនទីទីតាំងដីដែលបានបង្ក្រាប និងឃ្មុំទុកកន្លង មកដើម្បីស្តារព្រៃឈើឡើងវិញ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំចំពោះការអនុវត្តតួនាទីភារកិច្ច និង កិច្ចសហការការពារធនធានធម្មជាតិដ៏កម្ររបស់យើងទាំងអស់គ្នាក្នុងស្មារតីទទួលខុសត្រូវ ៕