ខេត្តសៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។
ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទ តាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូទឹកដោះរបស់ប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បណ្ឌិត ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីជាច្រើនរូប ព្រមទាំងដៃគូនៃកិច្ចសហប្រតិបត្តិការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណជាច្រើនស្ថាប័នទៀត។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុងពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣មកឱ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញនោះថា អាជ្ញាធរជាតិអប្សរា នឹងបន្តថែរក្សាប្រាសាទទាំង៣នេះ ហើយកម្ពុជានឹងចងចាំជារៀងរហូតចំពោះការរួមចំណែករបស់មូលនិធិប្រាសាទពិភពលោក(World Monument Fund)ក្នុងការជួយ ការពារបេតិកភណ្ឌជាតិរបស់កម្ពុជា ហើយកម្ពុជាក៏រង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកក្នុងវិស័យទូលំទូលាយដូចជា ការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិក ភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។
ចំណែកប្រធាន និងជានាយកប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោករបស់សហរដ្ឋអាមេរិក អ្នកស្រី Benedicte De Montlaur ថ្លែងថា ការ ចូលរួមរបស់(World Monument Fund )ក្នុងការងារជួសជុលប្រាសាទនៅរមណីដ្ឋានអង្គរបានចាប់ផ្តើមតាំង ពីឆ្នាំ១៩៨៩ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយ តម្លៃស្ថានភាពនៃប្រាសាទ ដើម្បីឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ហើយបន្ទាប់មកអង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំ ទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹង ប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញនាពេលនោះ៕