ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ យុវជនចរិតស្រីរួមជាមួយបក្ខពួកសរុបចំនួន៤នាក់ទៀតត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមទូរស័ព្ទ ។
សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំងអស់នោះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូនិងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។
កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (យុវជនចរិតស្រីម្នាក់ ស្រី៣នាក់និងម្នាក់ទៀតជាអ្នកផ្តល់មធ្យោបាយអោយជនដៃដល់ គឺដឹកជនរងគ្រោះអោយគេប្រើហិង្សាលើជនរងគ្រោះ) បានព្រួតគ្នាវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែងដែលគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្រខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថា បុគ្គលភេទទី៣ម្នាក់និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀតដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថាផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ យុវជនចរិតស្រី បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។
សូមបញ្ជាក់ថា៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការសំណូមពរអោយសមត្ថកិច្ចចាត់វិធានការក្រុមក្មេងទំនើងទាំងនេះ បន្ទាប់ពីអំពើឃោរឃៅចេះតែបន្តកើតមាន ៕